ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
ភ្នាក់ងារសារព័ត៌មាន AP រាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា លោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិកលោក Trump ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីផែនការយូរអង្វែងរបស់រដ្ឋបាលលោក Trump សម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា។
កិច្ចប្រជុំនេះធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពីប្រទេសអ៊ីស្រាអែលស្ថិតក្នុងភាពចលាចលផ្នែកនយោបាយក្នុងការបោះឆ្នោតលើកទីពីរនៅក្នុងឆ្នាំដដែលដែលមិនធ្លាប់មានពីមុនមក។ លោក Kushner និងបេសកជនពិសេសសហរដ្ឋអាមេរិកលោក Jason Greenblatt ឈប់នៅប្រទេសអ៊ីស្រាអែលដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ាដើម្បីប្រមូលផ្តុំការគាំទ្រសម្រាប់សន្និសីទសេដ្ឋកិច្ចនៅខែក្រោយក្នុងរដ្ឋ Bahrain ដែលគេមើលឃើញថា វាជាផ្នែកដំបូងនៃផែនការបង្កើតសន្តិភាព។
លោក Benjamin Netanyahu សម្តែងការព្រួយបារម្ភថា ភាពចលាចលរបស់សភាអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នឹងពន្យារពេលបន្ថែមទៀតសម្រាប់ផែនការបង្កើតសន្តិភាពរបស់អាមេរិក។ លោកមានប្រសាសន៍ថា “អ្នកដឹងទេយើងមានកិច្ចប្រជុំតិចតួចកាលពីយប់ម៉ិញ ហើយយើងមិនបញ្ឈប់សកម្មភាពរបស់យើងទេ។