ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ព្រមានថាទ្វីបអឺរ៉ុបត្រូវតែរួបរួមគ្នាបើសិនជាពួកគេចង់បញ្ចៀសសង្គ្រាមត្រជាក់ថ្មី ខណៈពេលបញ្ហានយោបាយកំពុងតែស្ថិតក្នុងច្របូកច្របល់។ លោក Guterres ថ្លែងនៅថ្ងៃព្រហស្បតិ៍ថា” ប្រសិនបើអ្នកចង់ជៀសវាងសង្រ្គាមត្រជាក់ថ្មី ហើយប្រសិនបើអ្នកចង់កសាងបទបញ្ជាពហុភាគីពិតនោះ យើងពិតជាត្រូវការកិច្ចសហការដ៏រឹងមាំពីសហភាពអឺរ៉ុប »។
លោកធ្វើសេចក្តីថ្លែងការណ៍នេះអំឡុងពេលលោកទទួលយកជ័យលាភី Charlemagne សម្រាប់កិច្ចការបង្រួបបង្រួមគ្នានៅអឺរ៉ុបនៅក្នុងទីក្រុង Aachen នៅប្រទេសអាឡឺម៉ង់។ នេះយោងតាមប្រភពសេចក្តីថ្លែងការរបស់ភ្នាក់ងារសារព័ត៌មាន AFP។
អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសព័រទុយហ្គាល់មានប្រសាសន៍ថា “នៅពេលនេះមានការព្រួយបារម្ភយ៉ាងខ្លាំង និងមានវិបត្តិនយោបាយភូមិសាស្ត្រ ដូច្នេះយើងត្រូវសាងកម្លាំងពហុភាគីនិយមឱ្យបានច្រើនជាងមុន”។ ពានរង្វាន់នៅឆ្នាំមុនត្រូវគេប្រគល់ជូនប្រធានាធិបតីបារាំងលោក Emmanuel Macron។ លោកទទួលបានការសរសើរក្នុងកំណែទម្រង់ស្ថាប័ននៅសហភាពអឺរ៉ុបដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរថ្មី និងប្រឈមនឹងបញ្ហាថ្មី។