ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩
យោងតាមប្រភពព័ត៌មានពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បង្ហាញថា បុរសម្នាក់ត្រូវគេសង្ស័យថា ជាសមាជិករបស់សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអង្គុយនៅក្នុងជួរយោធានៅពេលមានការធ្វើបទបង្ហាញមួយទៅប្រព័ន្ធផ្សព្វផ្សាយនៅនាយកដ្ឋានចារកម្មយោធាអ៊ីរ៉ាក់ក្នុងក្រុងបាកដាដថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
មានការលើកប្រធានបទនេះមកជជែកដេញដោលលើបណ្តាញសារព័ត៌មាន RT។ ក្រុមមេធាវីបារាំងមួយក្រុមធ្វើការតវ៉ាចំពោះការកាត់ទោសប្រហារជីវិតជន ជាតិបារាំងចំនួន ១១នាក់ ដែលតុលាការអ៊ីរ៉ាក់រកឃើញថា ពួកគេជាសមាជិករបស់រដ្ឋអ៊ីស្លាមដោយក្រុមមេធាវីទាំងនោះលើកហេតុផលថា ជនជាប់ចោទមិនគួរត្រូវគេប្រហារជីវិត។
លិខិតមួយច្បាប់ចុះហត្ថលេខាដោយមេធាវីបារាំងចំនួន ៤៥រូបបង្ហាញថា វានឹងក្លាយជាភាពអាម៉ាស់ដ៏មហិមាមួយដែលអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ាក់ចោទប្រកាន់លើជនជាតិបារាំងថា ជាភេរវករ និងកាត់ទោសប្រហារជីវិតពួកគេចាប់តាំងពីការកាត់ទោសប្រហារជីវិតត្រូវគេហាមឃាត់នៅក្នុងប្រទេសបារាំង។
មេធាវីលោកស្រី Samia Maktouf ប្រាប់ភ្នាក់ងារ RT បារាំងថា មានការព្រួយបារម្ភអំពីភាពលំអៀងនៃការកាត់ក្តី និងចំពោះការអះអាងលើចុងចោទ ហើយដំណើរការនៃនីតិវិធីត្រូវគេអនុវត្តយ៉ាងប្រញាប់ប្រញាល់។ អ្នកផ្សេងទៀតលើកឡើងថា ការសម្រេចចិត្តនោះគឺមានលក្ខណៈស្របជាមួយនឹងរបៀបដែលប្រទេសបារាំងធ្លាប់ដោះស្រាយជាមួយពួកយុទ្ធជនបរទេសពីមុនមក។
«វាជារឿងចម្លែកបើប្រទេសបារាំងដែលធ្លាប់អនុវត្តកាត់ក្តីបែបនោះក្រោយឆ្នាំ១៩៤៥ មកចង់ដកហូតសិទ្ធិពីប្រទេសអ៊ីរ៉ាក់ក្នុងការកាត់ទោសជនបរទេស ដោយជនជាប់ទោសទាំងនោះទៅប្រយុទ្ធប្រឆាំង សម្លាប់ និងចាប់រំលោភក្នុងប្រទេសអ៊ីរ៉ាក់» លោក Pierre Conesa អតីតមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការពារជាតិបារាំងលើកមិតិជំទាស់។
![](https://i0.wp.com/cdn.nctc.gov.kh/2019/06/%E1%9E%B6-21.jpg?resize=280%2C157&ssl=1)