ប្រទេសអ៊ីរ៉ង់បង្ហាញប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលអាចបំផ្លាញគោលដៅលាក់បាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩

កងកម្លាំងទីក្រុងតេរ៉ានបង្ហាញពីប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាសថ្មីមានសមត្ថភាពតាមដាន និងបាញ់គោលដៅចំនួន ៦ក្នុងពេលតែមួយ។ អាវុធនេះត្រូវគេបញ្ចេញចំពេលភាពតានតឹងកំពុងកើតឡើងនៅជុំវិញឈូងសមុទ្រពែក្ស។

ប្រទេសអ៊ីរ៉ង់បង្ហាញពីប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មីរបស់ខ្លួនក្នុងស្រុក Khordad កាលថ្ងៃអាទិត្យ។ អគ្គមេបញ្ជាការកងទ័ពលោកឧត្ដមសេនីយ៍ Amir Hatami មានប្រសាសន៍ថា កាំជ្រួច Sayyad បាញ់រយៈចម្ងាយឆ្ងាយមានសមត្ថភាពបាញ់ទម្លាក់យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកក្នុងចម្ងាយ ១២០គីឡូម៉ែត្រ។

ប្រព័ន្ធនេះក៏អាចតាមដានគោលដៅលាក់កំបាំង ចម្ងាយ ៤៥គីឡូម៉ែត្រ។ សរុបជារួម អាវុធនេះអាចបំផ្លាញគោលដៅចំនួន ៦ក្នុងពេលដំណាល​គ្នា​នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីយោធា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសអ៊ីរ៉ង់ជំរុញឱ្យមានការបង្កើតអាវុធផ្ទាល់ខ្លួន និងក្លាយជាប្រទេសពឹងផ្អែកតិចលើអ្នកផ្គត់ផ្គង់អាវុធពីបរទេស។

នៅខែកុម្ភៈ ប្រទេសនេះសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ Hoveizeh ដែលមានសមត្ថភាពបំផ្លាញគោលដៅក្នុងចម្ងាយជាង ១.៣៥០គីឡូម៉ែត្រ។ នៅក្នុងខែដដែលនោះ នាវាមុជទឹក Ghadir ថ្នាក់ទាបរបស់ក្រុងតេរ៉ានក៏សាកល្បងបាញ់មីស៊ីលប្រឆាំងនាវាមុជទឹកជាលើកដំបូង។​

ប្រព័ន្ធការពារដែនអាកាសថ្មីត្រូវគេបង្កើតឡើងនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅវាយប្រហារនៅឈូងសមុទ្រពែកនៅខែមុន ហើយថែមទាំងប្រកាសពីផែនការបញ្ជូនកងទ័ពបន្ថែមទៅប្រទេសអ៊ីរ៉ាក់ដែលជាប់ព្រំប្រទល់ជាមួយប្រទេសអ៊ីរ៉ង់។ ក្រុមមន្ត្រីនៅក្រុងតេរ៉ាន បន្តប្តេជ្ញាសងសឹកប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់ ប្រសិនបើកម្លាំងអ៊ីរ៉ង់ត្រូវអាមេរិកវាយប្រហារ។

LEAVE A REPLY

Please enter your comment!
Please enter your name here