ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
ក្រសួងការពារជាតិនិយាយថា កម្លាំងអាកាសរបស់ប្រទេសរុស្ស៊ីវាយប្រហារចំនួនបួនលើកនៅខេត្តអ៊ីដលីបដែលជាទីតាំងចុងក្រោយរបស់ក្រុមជីហាដក្នុងប្រទេសស៊ីរី ក្រោយពីប្រទេសទួរគីសុំជំនួយដើម្បីការពារសុវត្ថិភាពឱ្យកងទ័ពរបស់ខ្លួននៅក្នុងតំបន់នោះ។
កម្លាំងទួរគីផ្តល់មេរៀនដល់ក្រុមភេរវករក្នុងខេត្តអ៊ីដលីបដោយស្នើសុំជំនួយទ័ពពីប្រទេសរុស្ស៊ី ក្រោយពីកម្លាំងរបស់ទួរគីរងការវាយប្រហារពីពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុម Al-Nusra។ ទាហានចំនួនបីនាក់របស់ប្រទេសទួរគីរងរបួសពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ។
មន្រ្តីក្រសួងការពារជាតិរុស្ស៊ីមានប្រសាសន៍ថា ការប្រមូលផ្តុំយ៉ាងធំធេងរបស់ពួកសកម្មប្រយុទ្ធ និងទីតាំងកាំភ្លើងធំ ដែលកម្លាំងទួរគីតាមឃ្លាំមើលកន្លងមកត្រូវបានបំផ្លាញចោល។ ប្រទេសទាំងពីរកំពុងធ្វើការឆ្ពោះទៅរកការអនុវត្តបទឈប់បាញ់គ្នាពេញលេញនៅក្នុងខេត្តដែលគ្រប់គ្រងដោយក្រុមជីហាដ។
តែរយៈពេលពីរសប្តាហ៍មុន ក្រុងម៉ូស្គូរាយការណ៍ថា សកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការក្នុងខេត្តអ៊ីដលីបបាញ់មីស៊ីលជាច្រើននៅមូលដ្ឋានទ័ពអាកាស Khmeimim របស់រុស្ស៊ីហើយគ្រាប់ទាំងនោះត្រូវប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់នៅកណ្ដាលអាកាស។
ខេត្តអ៊ីដលីប និងតំបន់ជុំវិញនោះនៅភាគពាយព្យនៃប្រទេសស៊ីរីគឺជាតំបន់ដ៏ធំបំផុតដែលនៅសល់ក្រុមតស៊ូប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ ក្រុមជីហាដជាច្រើនកាន់កាប់នៅទីនោះដោយមានអំណាចខ្លាំងបំផុត ហើយពួកគេភ្ជាប់ខ្លួនជាមួយក្រុមអាល់កៃដា Hayat Tahrir al-Sham (HTS ដែលគេស្គាល់ថា អតីត Al-Nusra Front) ។









