ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
ទីកន្លែងតាំងទីលំនៅក្នុងខេត្ត Latakia, Hama និង Aleppo ប្រទេសស៊ីរីរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធខុសច្បាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ឧត្តមសេនីយ៍ឯក Alexey Bakin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចនៅស៊ីរីមានប្រសាសន៍នៅថ្ងៃចន្ទ។ “រយៈពេលពេញមួយថ្ងៃ ពួកសកម្មប្រយុទ្ធវាយដណ្តើមតំបន់តាំងលំនៅដ្ឋាន Ain al-Qantara, al -Erimin, Nahshebba, Ain Al -Naur, Safsara និង Ikko នៅក្នុងខេត្ត Latakia ហើយតំបន់ Jalama, Kokab, Kara Jurn និង Metdan នៅក្នុងខេត្ត Hama។
ក្រុង Qudehi ក្នុងខេត្ត Aleppo ស្ថិតក្រោមការបាញ់កាំភ្លើងដែលមានប្រភពចេញពីទីតាំងរបស់ក្រុម Hayat Tahrih al-Sham (គេស្គាល់ថា Jabhat al-Nusra ជាអង្គការភេរវករធ្វើសកម្មភាពក្នុងប្រទេសរុស្ស៊ី) នៅជិតតំបន់ទីលំនៅ Khan Tuman។ ការវាយប្រហារនោះសម្លាប់ជនស៊ីវិលចំនួន ១១នាក់ និងបណ្តាលឱ្យមនុស្សចំនួន ១៥នាក់ផ្សេងទៀតរងរបួស។ នៅថ្ងៃមុន មជ្ឈមណ្ឌលសម្របសម្រួលរុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌ពីរនៅក្នុងតំបន់តាំងទីលំនៅ Daraya នៅក្នុងខេត្ត Damascus និងនៅសង្កាត់ Mogambo។
កិច្ចព្រមព្រៀងមួយស្តីពីបទឈប់បាញ់គ្នាពេញលេញនៅលើទឹកដីទាំងមូលក្នុងខេត្ត Idlib ចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា ត្រូវគេអនុវត្ត ដោយទទួលបានការស្រមុះស្រមួលពីប្រទេសរុស្ស៊ី និងទួរគី។ ក្រុម Jabhat al-Nusra និងក្រុមជ្រុលនិយមដទៃទៀតរួមទាំងក្រុមរបស់ Ahrar al-Sham បដិសេធមិនថា មិនបានធ្វើសកម្មភាពវាយប្រហារនោះទេ។
មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការបញ្ចប់យុទ្ធនាការយោធានៅក្នុងប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាប្រចាំជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងចម្បងរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ជម្លោះ។