ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩
ប្រភពសន្តិសុខមួយនិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បំផ្លាញផ្លូវរូងក្រោមដីរដ្ឋអ៊ីស្លាមជាច្រើនកន្លែងកាលពីថ្ងៃអង្គារនេះ និងរឹបអូសយកឃ្លាំងលាក់អាវុធដ៏ធំមួយកន្លែងស្ថិតនៅក្នុងខេត្តAnbar។ ថ្លែងប្រាប់ទីភ្នាក់ងារពត៌មានAlmaalomah ប្រភពនិយាយថាប្រតិបត្តិការសន្តិសុខមួយបានធ្វើឡើងដើម្បីកំចាត់ពួករដ្ឋអ៊ីស្លាមចេញពីវាលខ្សាច់ដែលស្ថិតនៅក្នុងស្រុកHit ភាគខាងលិចខេត្តAnbar។ ប្រតិបត្តិការនេះធ្វើឡើងដោយផ្នែកលើពត៌មានសម្ងាត់។
គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។
ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។