ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
គ្រាប់រ៉ុក្កែតមួយបាញ់ចេញនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រេងមួយចំនួនរាប់បញ្ចូលទាំងក្រុមហ៊ុន ExxonMobil នៅភាគខាងលិចទីក្រុង Basra ក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធ ដែលបណ្តាលឱ្យបុគ្គលិកអ៊ីរ៉ាក់ចំនួន ៣នាក់រងរបួស។
ប៉ូលិសអ៊ីរ៉ាក់និយាយថា គ្រាប់រ៉ុក្កែតនោះវាយប្រហារទីស្នាក់ការទីតាំងលំនៅដ្ឋាន Burjesia និងការិយាល័យប្រតិបត្តិការ ប៉ុន្តែពុំមានការអះអាងទទួលខុសត្រូវណាមួយធ្វើឡើងចំពោះកាំជ្រួច Katyusha ដែលប្រវែងខ្លីត្រឹមតែ ១.០០០មីលីម៉ែត្រដែលធ្លាក់នៅការិយាល័យប្រតិបត្តិការ និងតំបន់លំនៅរបស់ក្រុមហ៊ុន Exxon ។
បុគ្គលិករបស់ក្រុមហ៊ុន Royal Dutch Shell PLC និង Eni SpA អ៊ីតាលី ក៏ជម្លៀសខ្លួនចេញពីតំបន់នោះផងដែរ។ សហរដ្ឋអាមេរិកជម្លៀសបុគ្គលិកការទូតចំនួនរាប់រយនាក់ពីស្ថានទូតក្រុងបាកដាដនៅខែឧសភាដោយលើកឡើងពីការគំរាមពីប្រទេសអ៊ីរ៉ង់។ បុគ្គលិកក្រុមហ៊ុន Exxon ក៏ត្រូវគេជម្លៀសចេញនៅពេលនោះដែរ ហើយពួកគេទើបតែវិលត្រឡប់ទៅកាន់ទីក្រុង Basra មុនពេលមានការវាយប្រហារនោះ។
ក្រោយពីមានការវាយប្រហារពីគ្រាប់រ៉ុក្កែត ក្រុមហ៊ុន Exxon និយាយថា ក្រុមហ៊ុនជម្លៀសបុគ្គលិកបរទេសចំនួន ២១នាក់នៅពេលភ្លាមៗនោះ។ មានការវាយប្រហារចំនួនពីរនៅលើមូលដ្ឋានដែលមានបុគ្គលិកយោធារបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលពីរ ឬបីថ្ងៃចុងក្រោយនេះ។