ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
ប្រទេសឥណ្ឌាកំពុងពង្រាយនាវាចម្បាំងជាច្រើនគ្រឿងទៅឈូងសមុទ្រពែក និងឈូងសមុទ្រអូម៉ង់ដើម្បី ផ្តល់សន្តិសុខសម្រាប់នាវាដែលមានទង់ជាតិឥណ្ឌាឆ្លងកាត់តំបន់នោះ។ ការសម្រេចចិត្តនោះធ្វើឡើងក្រោយពីមានការវាយប្រហារជាច្រើនលើនាវាអ្នកជំនួញនៅទីនោះ។
អ្នកនាំពាក្យឱ្យកងទ័ពជើងទឹកឥណ្ឌាប្រកាសនៅពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងចំនួនពីរគ្រឿងនឹងបញ្ចូនទៅដើម្បីរក្សាសន្តិសុខដែនទឹកសមុទ្រ ដែលមានបញ្ហារវាងប្រទេសអ៊ីរ៉ង់ អូម៉ង់ និងអារ៉ាប៊ីសោឌី។ ស្ថានភាពតានតឹងនៅឈូងសមុទ្រពែរកើនឡើងយ៉ាងខ្លាំងក្រោយពីនាវាដឹកប្រេងចំនួន២គ្រឿងរងការវាយប្រហារនៅក្នុងឈូងសមុទ្រអូម៉ង់នៅសប្តាហ៍មុន។
ខណៈដែលពុំទាន់មានភ័ស្តុតាងច្បាស់លាស់បង្ហាញថានរណាជាអ្នកទទួលខុសត្រូវអាជ្ញាធរអាមេរិកបន្ទោសលើប្រទេសអ៊ីរ៉ង់ចំពោះហេតុការណ៍នេះ។ ភាពតានតឹងកើនឡើងបណ្តាល ឱ្យប្រទេសអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក។ ក្រោយពីអះអាងថា ពួកគេមិនរង់ចាំ និងស្ថានភាពមិនទាន់មានសភាពប្រែប្រួលខ្លាំងនាវាមួយក្នុងចំណោមនាវាដែលក្រុងញូវដែលីបញ្ជូនទៅសម្រាប់ផ្តល់សន្តិសុខនោះមានឈ្មោះថាINS Chennai ។
វាជានាវាពិឃាតមានបង្កប់មីស៊ីល ហើយវាត្រូវគេចាត់ទុកថា ជានាវាចម្បាំងដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងចំណោមកងនាវារបស់ប្រទេសឥណ្ឌា។ ច្រកទឹករវាងឈូងសមុទ្រពែរ និងឈូងសមុទ្រអូម៉ង់គឺជាច្រកឆ្លងកាត់ដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោកសម្រាប់ការផ្គត់ផ្គង់ប្រេង។