ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩
មេបញ្ជាការកុលសម្ព័ន្ធនិយាយថាភេរវករអ៊ីស្លាម៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនេះដោយការវាយប្រហារតាមអាកាសរបស់កងទ័ពអាកាសអ៊ីរ៉ាក់ដែលស្ថិតនៅភាគខាងលិចខេត្តAnbar។ ថ្លែងប្រាប់គេហទំព័រពត៌មានAlmaalomah លោកQatari al-Obaidi មេដឹកនាំជាន់ខ្ពស់របស់កងកំលាំងចល័តកុលសម្ព័ន្ធក្នុងខេត្តAnbar និយាយថាយន្តហោះចម្បាំងអ៊ីរ៉ាក់បានកំណត់គោលដៅលើរថពាសដែកដែលដឹកពួកភេរវករIS ស្ថិតនៅជ្រលងភ្នំWadi Hauran ភាគខាងលិចខេត្តAnbar។
ការវាយប្រហារនេះធ្វើឡើងដោយផ្អែកលើពត៌មានសម្ងាត់ដោយបំផ្លិចបំផ្លាញរថយន្តពាសដែកទាំងស្រុង និងបានសម្លាប់ភេរវកររដ្ឋអ៊ីស្លាម៥នាក់។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីរដ្ឋអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចខេត្តAnbar ជាមួយនឹងប្រទេសស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។
ពួកIS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។
![](https://i0.wp.com/cdn.nctc.gov.kh/2019/06/%E1%9E%B6-80.jpg?resize=676%2C400&ssl=1)