ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩
បុរសម្នាក់ត្រូវគេចាប់ខ្លួននៅក្នុងទីក្រុងប្រ៊ុសស៊ែលពីបទជាប់សង្ស័យរៀបចំវាយប្រហារលើស្ថានទូតអាមេរិក។ យោងតាមប្រភពព័ត៌មានពីព្រះរាជអាជ្ញាបែលហ្ស៊ិកមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយ។ គេស្គាល់ជនសង្ស័យតិចតួចជាមួយនឹងការកំណត់អត្តសញ្ញាណដោយប្រើអក្សរកាត់ថា M.G ។
គាត់ត្រូវគេចាប់ខ្លួននៅថ្ងៃសៅរ៍ និងរងការចោទប្រកាន់នៅថ្ងៃចន្ទពីបទប៉ុនប៉ងវាយប្រហារក្នុងបរិបទជាភេរវករ និងជាអ្នករៀបចំបទល្មើសភេរវកម្ម។ ព្រះរាជអាជ្ញាមានប្រសាសន៍ថា ពួកគេមានអំណះអំណាងបង្ហាញថា ជនសង្ស័យកំពុងរៀបចំធ្វើសកម្មភាពវាយប្រហារ។ បុរសនោះបដិសេធចំពោះការចោទប្រកាន់។
ព្រះរាជអាជ្ញាបន្តថា នឹងពុំមានការបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតទេ ព្រោះដើម្បីការពារដំណើរការស៊ើបអង្កេតបន្ត។ ទន្ទឹមនឹងនេះដែរបណ្តាញទូរទស្សន៍រដ្ឋរបស់បែលហ្សិក RTBF លើកឡើងថាជនសង្ស័យស្ថិតនៅក្រោមការឃ្លាំមើលរបស់ប៉ូលិសអស់រយៈពេលជាយូរមកហើយ ក្រោយមកគេប្រទះឃើញសកម្មភាពគួរឱ្យសង្ស័យនៅជិតស្ថានទូតអាមេរិក។ ប្រទេសប៊ែលហ្ស៊ិកមានកំណើនសកម្មភាពភេរវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ។
ការវាយប្រហារទ្រង់ទ្រាយធំបំផុតកើតឡើងនៅទីក្រុងប្រ៊ុសស៊ែលនៅឆ្នាំ២០១៦ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនបណ្តាលឱ្យមនុស្សចំនួន ៣២នាក់ស្លាប់ និងមនុស្សច្រើនជាង ៣០០នាក់រងរបួស។ នៅខែសីហា ឆ្នាំ២០១៧ គេរាយការណ៍ថា អាជ្ញាធរបែលហ្ស៊ិកបើកករណីភេរវកម្មលេខ ១៨៩ចាប់តាំងពីផ្តើមមានសកម្មភាពភេរវកម្ម។ យោធាបែលហ្ស៊ិក និងមន្រ្តីអនុវត្តច្បាប់ក៏ធ្លាប់រងការកំណត់គោលដៅម្តងហើយម្តងទៀតក្នុងការវាយប្រហារភេរវកម្ម។
នៅឆ្នាំ២០១៧ បុរសម្នាក់កាន់កាំបិតវាយប្រហារលើក្រុមទាហានមួយក្រុមនៅក្នុងទីក្រុងប្រ៊ុសសែល បង្កឱ្យរបួសមនុស្សចំនួនពីរនាក់។ មួយឆ្នាំក្រោយមក អ្នកវាយប្រហារម្នាក់សម្លាប់មន្ត្រីប៉ូលិសចំនួនពីរនាក់ និងអ្នកឈរមើលម្នាក់នៅទីក្រុងលិជ ក្នុងប្រទេសបែលហ្ស៊ិក។ រដ្ឋឥស្លាម (IS ISIS) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរនោះ។