ការដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកលើប្រទេសទួរគីក៏មិនអាចផ្លាស់ប្តូរការទិញ S-៤០០បានឡើយ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu មានប្រសាសន៍ថា ពុំមានអ្វីដែលសហរដ្ឋអាមេរិកអាចធ្វើឱ្យប្រទេសទួរគីបោះបង់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូក្នុងការទិញប្រព័ន្ធការពារអាកាស S-៤០០ទេ បើទោះបីជាក្រុងវ៉ាស៊ីនតោនបន្តគំរាមកំហែងដល់ទីក្រុងអង់ការ៉ាជាមួយនឹងការដាក់ទណ្ឌកម្មក៏ដោយ។

ការទិញសព្វាវុធផលិតដោយប្រទេសរុស្ស៊ីក្លាយទៅជាចំណុចក្តៅមួយចំពោះទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។ សហរដ្ឋអាមេរិកគំរាមកំហែងដល់ទីក្រុងអង់ការ៉ាម្តងហើយម្តងទៀតជាមួយវិធានការដាក់ទណ្ឌកម្មផ្សេងៗ ប្រសិនបើទួរគីមិនព្រមបោះបង់ចោលកិច្ចព្រមព្រៀងនោះ។

សហរដ្ឋអាមេរិកថែមទាំងលុបចោលការហ្វឹកហ្វឺនរបស់អាកាសយានិកទួរគីដែលរៀនហ្វឹកហាត់យន្តហោះចម្បាំង F-៣៥ របស់អាមេរិក ហើយថែមទាំងគំរាមកំហែងបញ្ឈប់ប្រទេសទួរគីចេញពីកម្មវិធីយន្តហោះចម្បាំងដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទួរគីនៅតែប្រកាន់ខ្ជាប់នូវជំហរក្រោមការគាបសង្កត់ពីសហរដ្ឋអាមេរិក ហើយប្រទេសទួរគីប្តេជ្ញាសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មណាមួយរបស់សហរដ្ឋអាមេរិក។

“មិនខ្វល់ថា អាមេរិកនឹងប្រើទណ្ឌកម្មប្រភេទណានោះទេ យើងទិញប្រព័ន្ធការពារ S-៤០០ រួចហើយ “ លោក Cavusoglu ប្រាប់អ្នកកាសែតនៅថ្ងៃចន្ទ។ លោកមានប្រសាសន៍ថា   រឿងតែមួយគត់ដែលត្រូវយកមកនិយាយនោះគឺប្រព័ន្ធការពារអាកាសនឹងបញ្ជូនដល់ប្រទេសទួរគី។

LEAVE A REPLY

Please enter your comment!
Please enter your name here