ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ីព្រមានថា វាជាការខុសឆ្គងក្នុងការចាត់ទុកថា ប្រទេសអ៊ីរ៉ង់ជាកត្តាគំរាមកំហែងចំបងចំពោះមជ្ឈឹមបូព៌ា ខណៈដែលទិន្នន័យចេញដោយទីក្រុងវ៉ាស៊ីនតោនពុំគ្រប់គ្រាន់ដើម្បីដាក់កំហុសលើអ៊ីរ៉ង់ចំពោះករណីវាយប្រហារលើនាវាដឹកជញ្ជូនប្រេងនាពេលថ្មីៗនេះ។
“អ៊ីរ៉ង់នឹងនៅតែជាសម្ព័ន្ធមិត្ត និងជាដៃគូរបស់យើង” លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីលោក Nikolai Patrushev មានប្រសាសន៍នៅថ្ងៃអង្គារ។ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបញ្ចេញមតិនៅទីក្រុងយេរូសាឡឹម ក្រោយពីលោកមានជំនួបជាមួយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Donald Trump និងលោក Meir Ben-Shabbat ជាសមភាគីអ៊ីស្រាអែល នៅពេលដែលលោកទាំងពីរមានការប៉ះទង្គិចទស្សនៈរបស់ពួកគេជាមួយរុស្ស៊ីលើប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិកស្តីបន្ទោសថា ក្រុងតេរ៉ានវាយប្រហារលើនាវាដឹកប្រេងចំនួន ២គ្រឿងនៅឈូងសមុទ្រអូម៉ង់នៅថ្ងៃទី១៣ ខែមិថុនា និងប្រកាសដាក់ទណ្ឌកម្មថ្មីៗដើម្បីឆ្លើយតបចំពោះប្រទេសអ៊ីរ៉ង់ដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅសប្តាហ៍មុន។ លោក Bolton ចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមថា ធ្វើឱ្យមានប្រតិកម្មហិង្សានៅក្រៅប្រទេសរួមទាំងធ្វើការគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងនៅលើពិភពលោក។
ប្រទេសអ៊ីរ៉ង់គឺជាប្រភពដែលត្រូវមានភាពប្រុងប្រយ័ត្ន និងជាប្រភពឈ្លានពាននៅមជ្ឈិមបូព៌ា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បង្ហាញជំហរដូចគ្នា ដោយមានប្រសាសន៍ថា អ៊ីរ៉ង់បង្កើនការវាយប្រហារលើទីក្រុង Tel Aviv និងលើទីក្រុងវ៉ាស៊ីនតោន។ ដើម្បីបង្ហាញភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវាដឹកប្រេងនោះ មន្ទីរបញ្ចកោណចែករំលែកវីដេអូមួយ និងបង្ហាញថា ពួកនាវិកអ៊ីរ៉ង់ខួងបង្ហូររ៉ែចេញពីកប៉ាល់។
លោក Nikolai Patrushev ច្រានចោលខ្សែភាពយន្តនេះថា ជាព័ត៌មានថ្នាក់ទាប ដែលខ្លួនមិនអនុញ្ញាតឱ្យមានការសម្រេចចិត្តណាមួយឡើយ។ ក្រុងម៉ូស្គូអំពាវនាវឱ្យភាគីទាំងអស់បង្ហាញភាពអត់ធ្មត់ និងប្រើវិធីសាស្រ្តលើជម្លោះដោយគ្មានការគំរាមកំហែង និងធ្វើការដាក់ទណ្ឌកម្ម។ រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov មានប្រសាសន៍ថា ការរឹតបន្តឹងថ្មីរបស់អាមេរិកលើអ៊ីរ៉ង់ ជាសញ្ញាមួយបង្ហាញថា ស្ថានភាពកំពុងតែឆ្ពោះទៅរកភាពដុនដាប។
លោក Lavrov បន្តថា ស្ថានភាពបច្ចុប្បន្នរំឭកគាត់ពីដើមឆ្នាំ២០០៣ នៅពេលដែលសហរដ្ឋអាមេរិកព្យាយាមបង្កើតករណីវាយលុកលើប្រទេសអ៊ីរ៉ាក់។ នៅពេលនោះក្រុងវ៉ាស៊ីនតោនអះអាងថា មេដឹកនាំអ៊ីរ៉ាក់លោក Saddam Hussein រក្សាទុកអាវុធសម្រាប់ការបំផ្លិចបំផ្លាញដ៏ធំ ដោយការលើកឡើងរបស់សហរដ្ឋអាមេរិកនោះក្រោយមកគេរកឃើញថា ជារឿងមិនពិត។
