ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសឥណ្ឌាមានប្រសាសន៍ថា ទីក្រុង New Delhi ពុំមានគិតដល់រឿងអ្វីផ្សេងទៀតទេក្រៅពីការចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-៤០០ ពីទីក្រុងម៉ូស្គូ ដោយកិច្ចព្រមព្រៀងនោះទទួលបានការជំទាស់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។
លោក Subrahmanyam Jaishankar ធ្វើសេចក្តីអត្ថាធិប្បាយនៅពេលឆ្លើយតបទៅនឹងសំណួរអំពីប្រព័ន្ធការពារ S-៤០០នៅសន្នីសីទសារព័ត៌មានមួយជាមួយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកក្នុងអំឡុងពេលមានទស្សនកិច្ចរបស់លោក Pompeo នៅក្រុង New Delhi។
របាយការណ៍មុនៗ បង្ហាញថា ប្រទេសឥណ្ឌាមានគម្រោងបញ្ចុះបញ្ចូលឱ្យលោក Pompeo ផ្តល់សិទ្ធដល់ទីក្រុង New Delhi ក្នុងការទិញប្រព័ន្ធការពារ S-៤០០ ដោយពុំទទួលទណ្ឌកម្មដូចដែលសហរដ្ឋអាមេរិកធ្លាប់ដាក់។ ដោយពុំគ្មានការលើកលែងទោសនោះ ប្រទេសឥណ្ឌាអាចស្ថិតនៅក្រោមច្បាប់សហរដ្ឋអាមេរិកឆ្នាំ២០១៧ ដែលគេស្គាល់ថា CAATSA (ការប្រឆាំងតទល់នឹងទាសភាពរបស់អាមេរិកតាមរយៈច្បាប់ដាក់ទណ្ឌកម្ម) ដែលជាច្បាប់ហាមប្រាមមិនឱ្យធ្វើអាជីវកម្មមួយចំនួនជាមួយប្រទេសរុស្ស៊ី។
នាយករដ្ឋមន្ត្រី លោក Narendra Modi និងប្រធានាធិបតីលោក Vladimir Putin ចុះហត្ថលេខាលើកិច្ចសន្យាការពារចំនួន ៥ពាន់លានដុល្លារក្នុងខែតុលា។ មន្រ្តីអាមេរិកព្យាយាមរារាំងប្រទេសឥណ្ឌាពីការទទួលបានប្រព័ន្ធការពារមីស៊ីលដ៏ទំនើបពីប្រទេសរុស្ស៊ីដោយព្រមានថា ការទិញអាវុធពីទីក្រុងម៉ូស្គូអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងអាវុធនាពេលអនាគតជាមួយក្រុងវ៉ាស៊ីនតោន។
មន្ទីរបញ្ចកោណថែមទាំងសន្យាថា នឹងផ្តល់ជម្រើសដ៏មានសក្តានុពលដល់ប្រទេសឥណ្ឌាចំពោះប្រព័ន្ធការពារ S-៤០០s។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌានៅតែអះអាងថា កិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ីមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ហើយប្រទេសឥណ្ឌាថែមទាំងគូសបញ្ជាក់អំពីប្រវត្តិសាស្រ្តក្នុងភាពជាដៃគូការពារដ៏ជោគជ័យដែលប្រទេសនានាចែករំលែក។ លោក Mike Pompeo មានប្រសាសន៍ថា “មិត្តភក្តិដ៏អស្ចារ្យគឺអាចរួមគ្នាដោយមានភាពខុសគ្នា” ។
ប្រទេសឥណ្ឌាពុំមែនជាប្រទេសតែមួយនោះទេដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនព្យាយាមបញ្ឈប់ការទិញប្រព័ន្ធការពារ S-៤០០s ពីប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សហរដ្ឋអាមេរិកព្យាយាមបង្ខំឱ្យប្រទេសទួរគីលុបចោលកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ប៉ុន្តែក្រុង Ankara ធ្វើការបដិសេធ។