ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩
ប្រទេសកូរ៉េខាងជើងបដិសេធចំពោះការអះអាងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in អំពីការចរចាដើម្បីកំណត់ពេលកិច្ចប្រជុំកំពូលលើកទីបីរវាងលោក Donald Trump និងលោក Kim Jong-un។ លោក Moon ធ្វើការអះអាងយ៉ាងមុតមាំទៅទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅទីក្រុង Seoul នៅថ្ងៃពុធ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងក្រសួងការបរទេសរបស់កូរ៉េខាង ជើងលោក Kwon Jong Gun ចោទប្រកាន់លោក Moon ថា និយាយកុហកដើម្បីកែលម្អរូបភាពរបស់ពួកគេ និងផ្តល់នូវចំណាប់អារម្មណ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងសម្របសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ។ លោកបន្ថែមថា “ពុំមានការចូលរួមបែបនេះនឹងកើតឡើងជាមួយអាជ្ញាធរកូរ៉េខាងត្បូងទេ”។
លោក Moon អះអាងថា ទំនាក់ទំនងរបស់លោក Trump និងលោក Kim ជាទំនាក់ទំនងឯកជន ហើយប្រាប់សារព័ត៌មានថា ភាគីទាំងពីរនឹងចូលរួមក្នុងកិច្ចពិភាក្សាទាក់ទងនឹងកិច្ចប្រជុំកំពូលលើកទីបី។ លោក Trump ធ្លាប់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធថា ខណៈពេលដែលលោកមិនបានជួបជាមួយលោក Kim ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅទ្វីបអាស៊ីសម្រាប់ជំនួបកំពូល G20នោះលោកអាចនិយាយជាមួយលោក Kim តាមទម្រង់ផ្សេង។
ការចរចាសន្តិភាព ធ្លាប់រៀបចំឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកទី២ ក្នុងទីក្រុង Hanoi នៅខែកុម្ភៈ។ ប្រទេសកូរ៉េខាងជើងបន្ទោសការបរាជ័យរបស់កិច្ចប្រជុំកំពូលនោះចំពោះការបដិសេធរបស់ក្រុងវ៉ាស៊ីនតោនដើម្បីដកទណ្ឌកម្មជាថ្នូរជាមួយនឹងការធានាបន្ថែមថា ក្រុងព្យុងយ៉ាងនឹងមិនធ្វើការសាកល្បងមីស៊ីលចម្ងាយឆ្ងាយ។