ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បាននិយាយថាប្រទេសរបស់លោកកំពុងផ្តោតលើការស្តារសន្តិភាព និងសន្តិសុខឡើងវិញនៅដំណាក់កាលបច្ចុប្បន្នបន្ទាប់ពីការកម្ចាត់ក្រុមភេរវកររដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៧កន្លងមក។ លោក Salih បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារនេះជាមួយអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់លោក Ahmed Abul Gheit នៅវិមាន As Salam ក្នុងរដ្ឋធានីបាដាដថាបន្ទាប់ពីទទួលបានជ័យជំនះដ៏អស្ចារ្យលើពួកសកម្មប្រយុទ្ធ IS ការខិតខំប្រឹងប្រែងផ្នែកនយោបាយ និងសន្តិសុខរបស់យើងផ្តោតលើការនាំមកនូវសន្តិភាព ស្ថេរភាព និងសន្តិសុខនៅក្នុងប្រទេសដើម្បីជំរុញដល់ដំណើរការកសាងឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ច ហើយនិងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ។ លោកក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សម្ព័ន្ធអារ៉ាប់ក្នុងការបង្រួបបង្រួមចក្ខុវិស័យរបស់រដ្ឋជាសមាជិកដើម្បីលុបបំបាត់ភាពតានតឹង និងស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមានឡើង។ លោក Salih បានធ្វើការកត់សម្គាល់ទៀតថាអ៊ីរ៉ាក់គាំទ្ររាល់កិច្ចប្រឹងប្រែងដែលមានគោលបំណងដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងរឹតចំណងសហប្រតិបត្តិការរួមគ្នា។ សម្រាប់លោក Abul Gheit បាននិយាយអំពីការអភិវឌ្ឍ និងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់នាពេលចុងក្រោយដែលបានធ្វើឡើងដោយសម្ព័ន្ធអារ៉ាប់ដើម្បីរក្សាសន្តិភាពនៅក្នុងបណ្តាប្រទេសអារ៉ាប់។ លោក Abul Gheit ក៏បានសរសើរអំពីតួនាទីរបស់អ៊ីរ៉ាក់ដែលបានអនុវត្តដើម្បីពង្រឹង និងធ្វើសកម្មភាពរួមគ្នាជាមួយអារ៉ាប់ និងបង្កើនសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល៕









