ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩
ភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា មន្រ្តីប៉ាគីស្ថាន និងឥណ្ឌាប្រជុំនៅថ្ងៃពុធដើម្បីបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងសម្រាប់ការបើកច្រកព្រំដែនដើម្បីអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រាស៊ីកពីឥណ្ឌាឆ្លងកាត់យ៉ាងងាយស្រួលចូលទៅប៉ាគីស្ថាន និងទស្សនាចេតិយនៅទីនោះ។ កិច្ចប្រជុំនៅព្រំដែនឥណ្ឌានៅទីក្រុងវ៉ាហ្គាសអាតារ៉ីប្រព្រឹត្តទៅធម្មតាបើទោះបីជាកំពុងមានភាពតានតឹងរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌាជុំវិញតំបន់ជម្លោះកាស្មៀរក៏ដោយ។ ប្រទេសប៉ាគីស្ថានចង់បើកច្រករបៀងនេះនៅខែវិច្ឆិកា។ ភ្នាក់ងារព័ត៌មាន AP និយាយថា ភាគីទាំងពីរគ្រោងនឹងផ្តល់ការអនុញ្ញាតពិសេសជំនួសឱ្យការចេញទិដ្ឋាការដល់អ្នកកាន់សាសនាស៊ីកដើម្បីអាចឱ្យពួកគេធ្វើដំណើរទៅទស្សនាទីសក្ការៈបូជាហ្គ័រវ៉ារ៉ា ដាបា សាហ៊ីបក្នុងស្រុកមួយនៅព្រំដែនណារ៉ូវ៉ាលរបស់ប្រទេសប៉ាគីស្ថាន។ ចលនាប្រឆាំងនឹងឥណ្ឌាកើនឡើងខ្ពស់នៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីទីក្រុងញូវដេលីដកហូតឋានៈពិសេសរបស់កាស្មៀរនៅខែមុន។ ឥណ្ឌា និងប៉ាគីស្ថានបែងចែកតំបន់កាស្មៀរ និងអះអាងថាវាជាកម្មសិទ្ធទាំងសងខាង៕