
ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩
ប្រភពព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ាបានរាយការណ៍ថា ក្រុមតាលីបង់អះអាងទទួលខុសត្រូវចំពោះការផ្ទុះចុងក្រោយបង្អស់ដែលធ្វើឱ្យកក្រើករដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាននៅព្រឹកថ្ងៃអង្គារ៍។ ការផ្ទុះ២លើកកើតឡើងក្នុងអំឡុងពេលប្រមូលផ្តុំគ្នាបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាននៅខេត្តប៉ាវ៉ាន់។ ហេតុការណ៍នេះសម្លាប់មនុស្សយ៉ាងហោចណាស់២៤នាក់ និងបង្កឲ្យមនុស្ស ៣១នាក់រងរបួស។ មួយសន្ទុះក្រោយមក មានការផ្ទុះមួយទៀតបន្លឺឡើងនៅកណ្តាលក្រុងកាប៊ុលសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ ការបោះឆ្នោតប្រធានាធិបតីត្រូវគេពន្យារពេលជាច្រើនដង ក្រោយមកគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី២៨ ខែកញ្ញា។ គួរបញ្ជាក់ផងដែរថាក្រោមច្បាប់រដ្ឋធម្មនុញ្ញអាហ្វហ្គានីស្ថានប្រធានាធិបតីត្រូវគេបោះឆ្នោតជ្រើសរើស១អាណត្តិមានរយៈពេល៥ឆ្នាំ ហើយមានសិទ្ធិឈរឈ្មោះសម្រាប់អាណត្តិទី២៕








