ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩
ប្រភពសន្តិសុខបាននិយាយថាប៉ូលិសអ៊ីរ៉ាក់២នាក់ស្លាប់កាលពីថ្ងៃចន្ទនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយស្ថិតនៅក្នុងខេត្ត Kirkuk ដែលជាខេត្តសម្បូរប្រេង។ ថ្លែងប្រាប់គេហទំព័រព័ត៌មាន IKH ប្រភពបាននិយាយថាការបំផ្ទុះគ្រាប់បែកមួយបានតម្រង់គោលដៅទៅលើការល្បាតរបស់ប៉ូលិសដែលស្ថិតនៅស្រុក al-Rashad ខេត្ត Kirkuk បណ្តាលឱ្យប៉ូលិស២នាក់ស្លាប់។ សាកសពត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕