ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៩
ភ្នាក់ងារសារព័ត៌មាន AFP ទទួលបានពីប្រភពការទូតបានឲ្យដឹងថា អង្គការសហប្រជាជាតិបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីធ្វើការស៊ើបអង្កេតការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត។ មុននោះទីក្រុងរីយ៉ាដធ្លាប់ជូនដំណឹងរួចមកហើយថាមន្ត្រីអារ៉ាប៊ីសាអូឌីតមានបំណងអញ្ជើញអ្នកជំនាញអន្តរជាតិ និងអ្នកជំនាញអង្គការសហប្រជាជាតិដើម្បីស៊ើបអង្កេតការវាយប្រហារនោះ។ គ្រឿងបរិក្ខាររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតនៅភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីតរងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកចំនួន១០គ្រឿងក្នុងរយៈពេលប៉ុន្មានម៉ោងនៅថ្ងៃសៅរ៍។ ក្រុមឧទ្ទាមយ៉េមែនហ៊ូទីមកពីចលនាអានសារអាឡាស់អះអាងទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។ រោងចក្រចម្រាញ់ប្រេងធំជាងគេនៅលើពិភពលោកនៅជិតទីក្រុង Abqaiq និងរោងចក្រចម្រាញ់ប្រេងនៅជិតក្រុង Khurais ដែលជាទីតាំងផលិតប្រេងធំជាងគេទី២របស់អារ៉ាប៊ីសាអូឌីតរងការវាយប្រហារ។ នៅថ្ងៃពុធ ប្រទេសអារ៉ាប់ប៊ីសាអូឌីតបញ្ជាក់ថា ពួកគេមានភ័ស្តុតាងបង្ហាញពីការចូលរួមរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងការវាយប្រហារនោះ។ ទោះយ៉ាងណាក៏ដោយ ពួកគេបញ្ជាក់ថា ទីតាំងបើកដំណើរការវាយប្រហារមិនទាន់រកឃើញទេ៕









