ការវាយប្រហារពីរលើកកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិក និងក្បួនយោធាអ៊ីតាលី

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

មូលដ្ឋានទ័ពអាមេរិក និងក្បួនយោធាអ៊ីតាលីស្ថិតក្រោមការវាយប្រហារនៅក្នុងប្រទេសសូម៉ាលីកន្លែង​ដែលកងទ័ពបរទេសកំពុងឈរជើងគាំទ្ររដ្ឋាភិបាល។ ក្នុងករណីវាយប្រហារទាំងពីរក្រុមអ៊ីស្លាម​មាន​ទំនាក់ទំនងជាមួយ​អាល់កៃដាឈ្មោះថា អាល់សាបាបអះអាងទទួលខុសត្រូវ។ មូលដ្ឋានទ័ពពិសេស​របស់សហរដ្ឋអាមេរិក Baledogle ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីរដ្ឋធានី Mogadishu ជាកន្លែង​ផ្តល់ការហ្វឹកហាត់ដល់ក្រុមកម្មង់ដូក្នុងស្រុករងការវាយប្រហារនៅថ្ងៃច័ន្ទ។ ក្រុមសកម្មប្រយុទ្ធ​ប្រើគ្រាប់បែកក្នុងរថយន្តចំនួន២គ្រឿងដើម្បីបំផ្ទុះលើបរិវេននោះ ក្រោយមកវាយប្រហារ​ទៅលើរថយន្ត​នោះដោយប្រើអាវុធធុនតូច។ ក្រុមអាល់សាបាបអះអាងថា ពួកគេអាចចូលទៅក្នុងបរិវេណ​មូលដ្ឋាន​យោធា និងវាយលុកលើអគារយោធានោះរួមទាំងបាញ់កាំភ្លើងយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មាន​ពីប៉ូលិសបញ្ជាក់ថា គ្រាប់បែកក្នុងរថយន្តទាំងពីរមិនទាន់ទៅដល់មូលដ្ឋាននោះទេ ហើយវាផ្ទុះ​មុន។ យោធាអាមេរិកពុំផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារនោះទេដោយនិយាយថា​ពួកគេ​កំពុង​វាយ​តម្លៃស្ថានការណ៍ និងធ្វើការដើម្បីបញ្ជាក់ពីព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះ។ ក្រោយមកនៅថ្ងៃដដែល មេបញ្ជាការអាហ្រ្វិកអាមេរិកបញ្ជាក់ថា ពុំមានទាហានអាមេរិក ឬទាហានជាដៃគូររងរបួសក្នុង​ពេលវាយ​ប្រហារនៅក្នុងមូលដ្ឋាននោះទេ។ ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមអាល់សាបាប  កងកម្លាំងសហរដ្ឋអាមេរិកធ្វើការវាយប្រហារតាមអាកាសចំនួន ២លើកទៅលើពួកសកម្មប្រយុទ្ធ​ដោយសម្លាប់សមាជិករបស់ក្រុមនោះចំនួន១០នាក់ និងបំផ្លាញយានយន្តមួយគ្រឿង។ នៅក្នុង​ឧប្បត្តិ​ហេតុ​ដាច់ដោយឡែកមួយទៀត ក្បួនយោធាអ៊ីតាលីត្រូវគេកំណត់គោលដៅដោយប្រើគ្រាប់បែក​នៅតាមដងផ្លូវមួយនៅក្រុង Mogadishu។ យោធាអ៊ីតាលីមានវត្តមាននៅក្នុងប្រទេសនោះ ជាផ្នែកមួយនៃបេសកកម្មរបស់សហភាពអឺរ៉ុបក្នុងការបណ្តុះបណ្តាលកម្លាំងរបស់រដ្ឋាភិបាលសូម៉ាលី​មានការគាំទ្រពីអង្គការសហប្រជាជាតិ។ រូបថតចេញពីកន្លែងកើតហេតុបង្ហាញថា យ៉ាងហោចណាស់​មានរថពាសដែកអ៊ីតាលីមួយគ្រឿងរងការខូចខាតក្នុងការផ្ទុះ ហើយអគារនៅក្បែរទីនោះក៏រងការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរដែរ។ ក្រសួងការពារជាតិនិយាយថា ទោះជាយ៉ាងណាក៏ដោយពុំមានរបាយការណ៍​ណាមួយលើកឡើងពីការរងរបួសរបស់ទាហានអ៊ីតាលីនោះទេ។ ការវាយប្រហារភ្លោះនោះកើតឡើង​បន្ទាប់ពីមានឧប្បត្តិហេតុធំៗ ផ្សេងទៀតពាក់ព័ន្ធនឹងក្រុមអាល់សាបាប ដោយពួកគេធ្លាប់ និងកំពុង​ធ្វើ​កុប​កម្មនៅក្នុងប្រទេសសូម៉ាលីចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ២០០០។ នៅថ្ងៃទី២២ ខែកញ្ញា ក្រុមនោះធ្វើការវាយប្រហារ និងលួចយកមូលដ្ឋានយោធាមួយនៅតំបន់ El Salini ដែលមាន​ចម្ងាយ​ប្រមាណ៦០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Mogadishu។ ពួកសកម្មប្រយុទ្ធប្រើអ្នកបំផ្ទុះគ្រាប់បែក​អត្តឃាតដើម្បីបំពានលើបរិវេណនោះ ហើយបន្ទាប់មកសម្រុកចូលដោយថ្មើរជើង។ នៅរយៈពេល​មួយសប្តាហ៍មុនក្រុមអាល់សាបាបអះអាងថា ពួកគេធ្លាប់ធ្វើការវាយប្រហារលើកងរក្សាសន្តិភាពប៊ូរុនឌី​ដោយសម្លាប់ទាហានយ៉ាងហោចណាស់ចំនួន១៤នាក់។ ទោះយ៉ាងណាសហភាពអាហ្រ្វិក​ ​(អ្នកគ្រប់​គ្រង​បេសកកម្មថែរក្សាសន្តិភាព) ទទួលស្គាល់ការស្លាប់របស់ទាហានតែចំនួន៣នាក់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here