ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩
ទីក្រុងប៉េកាំងរៀបចំពិធីជួបជុំ និងព្យុហយាត្រាយោធាដ៏ធំមួយនៅទីលានធានអានមេនដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្រោយពីពិធីហូតទង់ជាតិ លោកប្រធានាធិបតី ស៊ី ជីនពីង ថ្លែងទៅកាន់ជនរួមជាតិរបស់ប្រទេសនោះដោយសម្តែងការកោតសរសើរចំពោះសមិទ្ធិផលរបស់ប្រទេសក្នុងរយៈពេលជាង៧ទសវត្សរ៍។ លោកថែមទាំងមានប្រសាសន៍ដោយសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេសចិន។ លោកមានប្រសាសន៍ថា “ប្រជាជនចិនអាចឈរជើងបាន ហើយចាប់ផ្តើមដំណើរដ៏ប្រសើរក្នុងការកសាងប្រទេសជាតិ”។ ដើម្បីចូលរួមក្នុងព្យុហយាត្រានេះ មានកាណុងកាំភ្លើងចំនួន៥៦កាណុង ដែលកាណុងនីមួយៗតំណាងឱ្យក្រុមជនជាតិភាគតិចផ្លូវការមួយរបស់ប្រទេសចិនធ្វើការបាញ់ចំនួន៧០ដងក្នុងមួយជុំដើម្បីប្រារព្ធពិធីរំលឹកខួបនេះ។ ក្រុមតន្ត្រីហែក្បួនបន្លឺសម្លេងពីស្មារតីស្នេហាជាតិនៅពេលដែលលោកប្រធានាធិបតី ស៊ី ធ្វើដំណើរចុះពីវិថីហ្សាននីង ដោយមានជួរកងទ័ព រថក្រោះ និងរថយន្តយោធាដទៃទៀតអម និងធ្វើដំណើរនៅក្បែរៗគ្នាដោយស្រែកបន្ទរពាក្យស្លោក។ បន្ទាប់ពីកងទ័ពបង្ហាញឧបករណ៍របស់ពួកគេរួច ដល់វេនកងទ័ពអាកាសបង្ហាញសមត្ថភាព ដោយយន្ដហោះចម្បាំងហោះហើរក្នុងទ្រង់ទ្រាយគួរឱ្យចាប់អារម្មណ៍ និងមានការរៀបឧទ្ធម្ភាគចក្រដឹកមុខមានចងទង់ជាតិ។ ការអបអរសាទរនៅថ្ងៃទី១ ខែតុលា សម្រាប់ទិវាជាតិចិនជារៀងរាល់ឆ្នាំគឺជាការប្រាព្ធរបស់រដ្ឋាភិបាលកុម្មុយនិស្តបន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ១៩៤៩៕









