ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩
ប្រធានលេខាធិការដ្ឋានគណរដ្ឋមន្ត្រីជប៉ុនលោក យុស្ហីហាយ សុហ្គា ប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលចំនួន ២គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុននៅថ្ងៃពុធ ហើយមួយក្នុងចំណោមគ្រាប់ទាំងពីរនោះទៅដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ លោក សុហ្គា មានប្រសាសន៍ថា “កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់នៅថ្ងៃនេះ។ មួយក្នុងចំណោមពីរគ្រាប់នោះធ្លាក់ចូលសមុទ្រជប៉ុនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៅជិតតំបន់ Shimane ។ យើងមិនបានទទួលរបាយការណ៍អំពីការគំរាមកំហែងណាមួយចំពោះទូកនេសាទទេ។ រហូតមកដល់ពេលនេះយើងនៅតែបន្តប្រមូលព័ត៌មាន”។ យោងតាមប្រភពព័ត៌មានពីនាយសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលចេញពីកំពង់ផែវ៉ុនសាននៅភាគខាងកើតប្រទេស។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ កូរ៉េខាងជើងតែងតែបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាទៀងទាត់។ នៅក្នុងខែសីហាទីក្រុងព្យុងយ៉ាងអនុវត្តការបាញ់សាកល្បងចំនួន៥លើក៕