ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩
ប៉ូលិសអ៊ីស្រាអែលចាប់ខ្លួនអភិបាលប៉ាឡេស្ទីននៃក្រុងយេរូសាឡិម និងមន្រ្តីមូលដ្ឋាននៃគណបក្សហ្វាតាក្នុងប្រតិបត្តិការវាយឆ្មក់នៅព្រឹកថ្ងៃច័ន្ទ។ មេធាវីម៉ូហាម ម៉ាមូដមានប្រសាសន៍ថា ប៉ូលិសចាប់ខ្លួនអភិបាលខេត្តលោកអាដណាន ហ្គេត និងអគ្គលេខាធិការបក្សហ្វាតាប្រចាំក្រុងយេរូសាឡិម លោក ស្ហាឌី មូធួ នៅក្នុងប្រតិបត្តិការវាយឆ្មក់នៅផ្ទះរបស់ពួកគេនៅភាគខាងកើតក្រុងយេរូសាឡិម។ មន្ត្រីទាំងនោះរងការចោទប្រកាន់ពីបទចូលរួមសកម្មភាពជាមួយអាជ្ញាធរប៉ាឡេស្ទីននៅក្នុងទីក្រុង។ អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែលលោកមីគី រ៉ូសិនហ្វេលមានប្រសាសន៍ថា តំណាងពីរនាក់ត្រូវប៉ូលិសចាប់ខ្លួនហើយកំពុងត្រូវប៉ូលិសធ្វើការសាកសួរប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះរបស់ពួកគេទេ។ សកម្មភាព PA នៅក្រុងយេរូសាឡិមត្រូវអ៊ីស្រាអែលរារាំង។ ប្រទេសអ៊ីស្រាអែលគ្រប់គ្រងទីក្រុងយេរូសាឡិមខាងកើតក្នុងសង្គ្រាមប្រាំមួយថ្ងៃ ឆ្នាំ ១៩៦៧ ហើយក្រោយមកបញ្ចូលទឹកដីជារបស់ខ្លួន ដោយពុំមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕