ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩
ជនជាតិបារាំងចំនួនពីរនាក់មានជាប់ពាក់ព័ន្ធនឹងឧទ្ទាម ISIS ត្រូវគេកាត់ទោសឱ្យជាប់ឃុំឃាំងរយៈពេល ២៥ឆ្នាំ ពីបទប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅវិហារNotre Dame។ កញ្ញាអ៊ីន ម៉ាដានី ជាប់ទោសរយៈពេល ៣០ឆ្នាំ និងលោកស្រីអ័ណេឡា ហ្គីឡីងម៉ាន់ ជាប់ទោសរយៈពេល ២៥ឆ្នាំ នៅថ្ងៃចន្ទ បន្ទាប់ពីតុលាការបារាំងរកឃើញកំហុសពួកគេនៅថ្ងៃទី៤ ឆ្នាំ២០១៦ ដោយពួកគេរៀបចំបំផ្ទុះនៅវិហារNotre Dame ហើយនឹងអាចបណ្តាលឱ្យមនុស្សចំនួន៦០នាក់ស្លាប់ បើសិនជាការបំផ្ទុះនោះទទួលបានជោគជ័យ។ អ្នកទាំង ២យកឡានឪពុករបស់កញ្ញាម៉ាដានីដោយប្រើធុងហ្គាសចំនួន ៧សម្រាប់ចាក់ប្រេងម៉ាស៊ូត ហើយព្យាយាមដុតវាចោលជាមួយបារីដែលមានភ្លើងនៅកន្ទុយ។ សំណាងល្អពិតជាកើតមានដល់មនុស្សរាប់សិបនាក់ ដែលអង្គុយនៅក្នុងបារក្បែរនោះ ព្រោះគ្រាប់បែកបង្កប់ក្នុងរថយន្តមិនបានផ្ទុះទេ។ ប្រេងម៉ាស៊ូតក្នុងធុងនោះមិនងាយឆេះទេ ហើយពួកគេក៏រត់គេចខ្លួន។ លោកស្រីហ្គីឡីងម៉ាន់ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរយៈពេលពីរថ្ងៃក្រោយពីនាងព្យាយាមរត់គេចជាមួយគ្រួសាររបស់នាង ចំណែកឯកញ្ញាម៉ាដានី ត្រូវសមត្ថកិច្ចចាប់ខ្លួនជាមួយសមាជិកឧទ្ទាមពីរនាក់ផ្សេងទៀតដែលធ្វើការវាយប្រហារប្រើកាំបិតលើមន្រ្តីប៉ូលីស ដោយការវាយប្រហារនោះមានការរៀបចំ និងដឹកនាំពីប្រធានដឹកនាំក្រុម។ ស្ត្រីជីហាដត្រូវគេបំផុសគំនិត និងទទួលបានការណែនាំពីលោករ៉ាឈីដ កាស៊ីម ជាក្រុមភេរវកររដ្ឋអ៊ីស្លាម (ISIS ដែលជាអតីតភេរវករ ISIS) ដែលធ្លាប់ចេញសេចក្តីណែនាំដល់ក្រុមជីហាដនិយមអំពីវិធីធ្វើការវាយប្រហារដោយក្នុងនោះរួមមានវិធីសាស្ត្រប្រើធុងសាំង។ នាងម៉ាដានី និងហ្គីឡីងហ្គានចូលរួមកក្រុមជាមួយប៉ុស្តិ៍ Telegram ដែលគ្រប់គ្រងដោយលោកកាស៊ីម និងផ្ញើរឃ្លីបដើម្បីបង្ហាញពីភក្ដីភាពដល់ឧទ្ទាម ISISក៏ដូចជាឃ្លីបវីដេអូ ដែលអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅវិហារ Notre Dame មុនពេលពួកគេទទួលបរាជ័យ។ ខណៈពេលដែលស្ត្រីទាំងនោះសារភាពសកម្មភាពស្មុគស្មាញរបស់ពួកគេពីផែនការនោះពួកគេម្នាក់ៗស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការញុះញង់ឱ្យមានការវាយប្រហារនេះ។ លោកស្រីហ្គីឡីងម៉ាន់អះអាងថា លោកស្រីព្យាយាមបំផ្លាញផែនការដោយប្រើប្រេងម៉ាស៊ូតជំនួសឱ្យអ្វីដែលងាយឆេះ។ ព្រះរាជអាជ្ញានិយាយថា នាងម៉ាដានីរួចផុតពីការកាត់ទោសមួយជីវិតដោយសារតែភាពជាយុវជនរបស់នាង ហើយនាងទើបតែមានអាយុ ១៨ឆ្នាំនៅពេលធ្វើការវាយប្រហារ។ នាងត្រូវសមាជិក ISIS អនឡាញដ៏លេចធ្លោម្នាក់ជ្រើសរើស។ ដំបូងឡើយ ហ្គីឡីងម៉ានត្រូវម៉ាដានីអូសទាញ ដោយបង្ហោះតាមអ៊ិនធឺណិតថា ជាអ្នកប្រយុទ្ធ ISIS នឹងធ្វើសកម្មភាពភេរវកម្មជាមួយប្រទេសបារាំង។ អ្នកទាំងពីរបានផ្លាស់ប្តូរសារចំនួនជាង ៤០០០សារនៅលើបណ្តាញសង្គមមុនពេលពួកគេជួបគ្នា ដោយកញ្ញាម៉ាដានីធ្វើពុតជាបងស្រីរបស់អ្នកប្រយុទ្ធ។ កញ្ញាម៉ាដានីក៏ត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំនៅខែមេសាពីបទប៉ុនប៉ងជ្រើសរើសក្រុម ISIS តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើបុគ្គលិកប្រយុទ្ធរបស់នាងដើម្បីជំរុញអ្នកដទៃឱ្យធ្វើការវាយប្រហារនៅប្រទេសបារាំង និងប្រទេសបែលហ្ស៊ិក ឬចូលរួមក្នុងតំបន់Caliphate នៅប្រទេសស៊ីរី។ សមាជិកពីរនាក់ទៀតចូលរួមក្នុងសកម្មភាពនោះគឺសារ៉ា ហឺវៀត និងអាមេល សាគូ ទទួលទោស ២០ឆ្នាំពីបទជួយដល់កញ្ញាម៉ាដានីក្នុងការវាយប្រហារទៅលើប៉ូលិស។ សមាជិកម្នាក់ទៀតឈ្មោះ សាមៀ ឆាឡេល ត្រូវកាត់ទោសឱ្យជាប់គុក ៥ឆ្នាំពីបទជួយលាក់បាំងម៉ាដានី។ លោកកាស៊ីម ត្រូវគេកាត់ទោសឱ្យជាប់គុកមួយជីវិតដោយកំបាំងមុខទោះបីជាគាត់ត្រូវអាជ្ញាធរអាមេរិកជឿជាក់ថា លោកត្រូវគេសម្លាប់ក្នុងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកនៅជិតក្រុងម៉ូស៊ូល នៅប្រទេសអ៊ីរ៉ាក់នៅឆ្នាំ ២០១៧ក៏ដោយ៕