ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩
ប្រធានាធិបតីលោកបាសាអាសាដមានប្រសាសន៍នៅថ្ងៃអង្គារក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់ភាគពាយ័ព្យថា “ការកម្ចាត់ក្រុមជីហាដនៅក្នុងខេត្តអ៊ីដលីបគឺជាគន្លឹះក្នុងការបញ្ចប់សង្រ្គាមស៊ីវិលដែលមានអាយុ ៨ឆ្នាំនៅប្រទេសស៊ីរី”។ មន្ត្រីរបស់លោកអាសាដដកស្រង់ប្រសាសន៍ ខណៈលោកកំពុងប្រាប់កងទ័ពជួរមុខនៃអាល់ ប៊ីត(Al-Hbeit)ថា “សមរភូមិក្នុងខេត្តអ៊ីដលីបគឺជាមូលដ្ឋានសម្រាប់ការដោះស្រាយភាពវឹកវរ និងអំពើភេរវកម្មនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសស៊ីរី” ។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងនៅពេលដែលកងទ័ពស៊ីរីបន្តពង្រាយកម្លាំងនៅផ្នែកខ្លះនៅភាគខាងជើង ដែលពួកគេកំពុងគាំទ្រដល់កងកម្លាំងឃឺដដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់កម្លាំងទួគី នេះបើយោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានសាណា។ នៅខេត្ត Idlib មានប្រជាជនប្រមាណ ៣លាននាក់ គឺជាមូលដ្ឋានឧទ្ទាមចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី៕