ហ្គាសបង្ហូរទឹកភ្នែក កាំភ្លើងបាញ់ទឹក គ្រាប់បែកសាំង និងរបាំងរារាំងត្រូវប្រើប្រាស់នៅពេលក្រុមអ្នកតវ៉ាប៉ះទង្គិចជាមួយប៉ូលិសនៅហុងកុង

0

មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុងក្នុងសកម្មភាពមិនស្តាប់បង្គាប់ទ្រង់ទ្រាយធំមួយដែលបានបង្កភាពវឹកវរយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងមួយដែលព័ទ្ធជុំវិញដោយការរំជើបរំជួលអស់រយៈពេលជាច្រើនខែប្រឆាំងនឹងរដ្ឋាភិបាលកណ្តាលរបស់ចិននោះ។

ក្រុមបាតុករបានដាក់រនាំងនៅតាមសង្កាត់ផ្សារនាៗកណ្តាលទីក្រុងនេះដោយប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលលើការប្រមូលផ្តុំសាធារណៈនៅតំបន់នោះ។ ប្រជាជនចេញមកទាមទារសេរីភាពបន្ថែមក៏ដូចជាស្វ័យភាពដ៏មានអត្ថន័យពីទីក្រុងប៉េកាំងផងដែរ។

ទោះយ៉ាងណា ភាពតានតឹងដែលកើតមានក្នុងទីក្រុងហុងកុងអស់រយៈពេលជាច្រើនខែនេះផ្ទុះឡើងយ៉ាងឆាប់រហ័ស ហើយការតវ៉ាផ្ទុះឡើងជាកុបកម្មភ្លាមៗ។ ក្រុមបាតុករបានបំផ្លាញហាងនានាដោយគប់ដុំឥដ្ឋ និងគប់គ្រាប់បែកសាំង។

អ្នកធ្វើកុបកម្មពាក់ម៉ាស់មួយចំនួនបានបំផ្លាញហាងនានា និងដុតបំផ្លាញចោលថែមទៀត។ អ្នកខ្លះថែមទាំងដាក់ដែកគោលលើដងផ្លូវទៀតផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរថាអំពើទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរាចរណ៍ ហើយនាំមកនូវការរអាក់រអួលយ៉ាងធ្ងន់ធ្ងរដល់វិស័យសាធារណៈថែមទៀតផង។

ការិយាល័យរបស់ស៊ីនហួនៅហុងកុងក៏ត្រូវបានបំផ្លាញដោយក្រុមកុបកម្មដែលបានបំបែកបង្អួចផងដែរ។ នេះជាឧប្បត្តិហេតុដំបូងបង្អស់ចាប់តាំងពីការចាប់ផ្តើមតវ៉ាដែលទីភ្នាក់ងារសារព័ត៌មានត្រូវគេកំណត់ជាគោលដៅនោះ។យោងតាមរបាយការណ៍មួយចំនួនអោយដឹងថា ភ្លាមៗនោះប៉ូលិសបានចូលទៅបំបែកហ្វូងមនុស្សដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងទឹកព្រមទាំងគ្រាប់កាំភ្លើងជ័រទៀតផង។ មនុស្សប្រមាណ ១០០ នាក់ត្រូវបានឃុំខ្លួន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here