អ្នកតវ៉ាវាយប្រហារលើស្ថានកុងស៊ូលអ៊ីរ៉ង់នៅក្នុងទីក្រុងកាបាឡានៅថ្ងៃអាទិត្យ។ នៅពេលដែលកម្លាំងសន្តិសុខអ៊ីរ៉ង់បំបែកការតវ៉ាដោយអំពើហឹង្សានោះ បណ្តាលឱ្យអ្នកតវ៉ាចំនួន ៤នាក់ស្លាប់ និង ១៩នាក់ផ្សេងទៀតរងរបួស។ ក្រុមបាតុករអ៊ីរ៉ាក់ចំនួនរាប់សិបនាក់ធ្វើការវាយលុកលើស្ថានកុងស៊ុល គូររូបលើជញ្ជាំងអាគារ និងដកទង់ជាតិអ៊ីរ៉ង់មួយចេញហើយយកទង់ជាតិ អ៊ីរ៉ាក់មកដោតជំនួសវិញ។ រូបភាពពីកន្លែងកើតហេតុបង្ហាញថា អ្នកតវ៉ាដុតកង់ឡាន និងបោះដបស្រាក្រឡុកម៉ូឡូតូវនៅជុំវិញអាគារ។ យោងតាមរបាយការណ៍បង្ហាញថា មន្រ្តីប៉ូលីសបាញ់គ្រាប់ដោយផ្ទាល់ក្នុងគោលបំណងដើម្បីបំបែកហ្វូងមនុស្ស។ គេអាចឃើញអ្នកតវ៉ាបង្ហាញពីសម្បកគ្រាប់កាំភ្លើងនៅក្នុងវីដេអូឃ្លីប។ នាយកដ្ឋានវេជ្ជសាស្ត្រកោសល្យវិច្ច័យក្នុងស្រុកបញ្ជាក់ប្រាប់ភ្នាក់ងារ AFP ថា ក្រុមបាតុករចំនួន ៤នាក់ស្លាប់បន្ទាប់ពីត្រូវប៉ូលីសបាញ់។ ប៉ូលីសបញ្ជាក់ថាមនុស្សចំនួន ៣នាក់ត្រូវគេសម្លាប់ និងអ្នកតវ៉ាចំនួន ១៩នាក់រងរបួសខណៈពេលដែលមានមន្រ្តីប៉ូលីសចំនួន ៧នាក់រងរបួសផងដែរ។ ការវាយប្រហារទៅលើស្ថានកុងស៊ុលកើតឡើងនៅរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបព្វជិតជនជាតិអ៊ីស្លាមនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ដ៏មានឥទ្ធិពលម្នាក់និយាយថា អ៊ីរ៉ាក់មិនត្រូវទទួលលយកឥទ្ធិពលពីឥស្សរជនក្នុងតំបន់ ឬអន្តរជាតិ ដែលមនុស្សជាច្រើនដឹងថា នោះជាខ្លឹមសារយោងមួយទៅកាន់ប្រទេសអ៊ីរ៉ង់។ ការធ្វើបាតុកម្មនៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលចាប់ផ្តើមកើតឡើងនៅក្នុងខែតុលាជាមួយនឹងបណ្តឹងជាច្រើនទាក់ទងនឹងអំពើពុករលួយ បញ្ហាកង្វះសេវាមូលដ្ឋាន និងភាពអត់ការងារធ្វើ ក្រោយមកទៀតឈានដល់ការទាមទារឱ្យថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ាក់លាលែងពីតំណែង។ ឧប្បត្តិហេតុចុងក្រោយនៅឯស្ថានកុងស៊ុលមិនមែនជាលើកទីមួយទេ ហើយទីក្រុងកាបាឡាប្រែក្លាយជាទីកន្លែងមានការប្រយុទ្ធគ្នានៅតាមដងផ្លូវក្នុងរលកនៃការតវ៉ា។ នៅថ្ងៃទី២៨ ខែតុលា យ៉ាងហោចណាស់មានបាតុករចំនួន ១៤នាក់ត្រូវគេសម្លាប់ និងមនុស្សច្រើនជាង ១០០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាក្នុងអំឡុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩