ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារនេះថាក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលចំនួន៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកំលាំងសន្តិសុខនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ខណៈអាជ្ញាធរបានព្យាយាមបើកដំណើរការកំពង់ផែដ៏សំខាន់របស់ប្រទេសនេះឡើងវិញបន្ទាប់ពីបានរារាំងដោយក្រុមបាតុករអស់រយៈពេល៣ថ្ងៃកន្លងមក។ មន្ត្រីសន្តិសុខ និងមន្ត្រីវេជ្ជសាស្រ្តបាននិយាយថាអ្នកតវ៉ាម្នាក់ត្រូវបានសម្លាប់ និង៨នាក់ទៀតរងរបួសក្នុងទីក្រុង Umm Qasr ដែលជាទីក្រុងដែលមានស្ថានីយប្រេងសំខាន់មួយស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស។ គណៈកម្មការសិទ្ធិមនុស្សអ៊ីរ៉ាក់និយាយថាមនុស្ស២នាក់បានស្លាប់ និង២៣នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅភាគខាងត្បូងទីក្រុង Shatrah។ ក្រុមមន្រ្តីដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយប្រាប់អ្នកសារព័ត៌មានថាកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Umm Qasr បានបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមអ្នកតវ៉ាបានរឹបអូសរថយន្តពាសដែកមួយគ្រឿង។ វីដេអូបានបង្ហាញពីក្រុមអ្នកតវ៉ារាប់សិបនាក់កំពុងរត់នៅលើដងផ្លូវក្បែរកំពង់ផែដោយមានការបាញ់កាំភ្លើងពីចម្ងាយ។ គួររំលឹកថាកម្លាំងសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់បានសម្លាប់ក្រុមបាតុករយ៉ាងហោចណាស់ចំនួន២៦៧នាក់នៅក្នុងរលកធំៗចំនួនពីរនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី១ខែតុលាក្នុងរដ្ឋធានីបាដាត និងនៅទូទាំងភាគខាងត្បូងប្រទេសនេះដែលមានអ្នកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត។ ក្រុមអ្នកតវ៉ាចង់អោយមានការកែទម្រង់ប្រព័ន្ធនយោបាយដែលបានបង្កើតឡើងបន្ទាប់ពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣ ដោយចោទប្រកាន់រដ្ឋាភិបាល និងគណបក្សធំៗអំពីអំពើពុករលួយ និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងភាពអត់ការងារធ្វើ៕

ប្រភពព័ត៌មានពី apnews ចេញផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩