ជនសង្ស័យចំនួន៣នាក់ដែលបង្ហាញភក្តីភាពចំពោះរដ្ឋអ៊ីស្លាមត្រូវអាជ្ញាធរចាប់ឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់ប្រឆាំងភេរវកម្មដ៏ធំមួយនៅជិតតំបន់ហ្វ្រែងហ្វើត។ អាជ្ញាធរនិយាយថា ពួកគេបំបែកការវាយប្រហារភេរវកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងការប្រើគ្រឿងផ្ទុះ និងអាវុធ។
មន្រ្តីចំនួនច្រើនជាង ១៧០នាក់រួមទាំងសមាជិករបស់ក្រុមប៉ូលិសប្រឆាំងភេរវកម្មឈ្មោះថា SEK សម្រុកឡើងផ្ទះល្វែងចំនួន ៣នៅក្នុងទីក្រុងអ័ហ្វិនបេជអាមម៉េននៅល្ងាចថ្ងៃអង្គារ។ ជនសង្ស័យសំខាន់ជាជនជាតិអាឡឺម៉ង់មានវ័យ ២៤ឆ្នាំ ហើយមានដើមកំណើតនៅតំបន់ម៉ា សេដ្វាន ចំណែកឯបក្ខពួករបស់គាត់គឺជនជាតិទួរគីមានចំនួន ២នាក់វ័យ ២២ឆ្នាំនិង ២១ឆ្នាំត្រូវអាជ្ញាធរចាប់ខ្លួនអំឡុងការវាយឆ្មក់ដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងតែមួយ។ រដ្ឋអាជ្ញារដ្ឋហ្វ្រែងហ្វើតប្រាប់បណ្តាញសារព័ត៌មានថា ជនសង្ស័យត្រៀមខ្លួនធ្វើការវាយប្រហារ។ គាត់ទិញគ្រឿងផ្សំរួចហើយដើម្បីយកមកផលិតជាគ្រឿងផ្ទុះដោយខ្លួនឯង ហើយពួកគាត់ថែមទាំងព្យាយាមទិញអាវុធនៅលើបណ្តាញអ៊ិនធឺរណិតដែលជាអាជីវកម្មខុសច្បាប់។ បុរសដែលធំធាត់ជាមួយគ្នានៅលើទឹកដីអ័ហ្វប្រេជហាក់ដូចជាមានគម្រោងវាយប្រហារនៅតំបន់រ៉ីនម៉េន។ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានិយាយថា ពួកគេមានបំណងសម្លាប់មនុស្សជាច្រើននាក់តាមដែលអាចធ្វើទៅបាន។ ទោះបីជាមិនទាន់ដឹងច្បាស់ថា ពួកគេនឹងជ្រើសរើសគោលដៅណាមួយជាក់លាក់មួយក៏ដោយ កិច្ចអន្តរាគមន៍របស់ប៉ូលីសធ្វើឡើងទាន់ពេលវេលាដើម្បីទប់ស្កាត់ការគម្រាមកំហែងជាក់ស្តែង៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩









