ភ្នាក់ងារសារព័ត៌មានសាណាស៊ីរីរាយការណ៍ថាទ័ពស៊ីរីកាន់កាប់តំបន់ចំនួនពីរនៅថ្ងៃព្រហស្បតិ៍ ហើយកត្តានោះជាផ្នែកមួយនៃប្រតិបត្តិការយោធានៅភាគអាគ្នេយ៍ខេត្តអ៊ីដលីប។ ប្រភពបន្ថែមថា កម្លាំងទ័ពកំពុងបន្តតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធ ដែលកំពុងដកថយ និងវាយប្រហារលើទីតាំងរបស់ខ្លួន។ ក្រុមសកម្មប្រយុទ្ធបាត់បង់កម្លាំង និងអាវុធ។ ប្រតិបត្ដិការរបស់កម្លាំងយោធារដ្ឋាភិបាលចាប់ផ្តើមដើម្បីសងសឹកក្រុមប្រដាប់អាវុធដែលបំពានបទឈប់បាញ់នៅភាគពាយព្យនៃប្រទេសស៊ីរីចាប់តាំងពីថ្ងៃទី៣០ ខែសីហា។ របាយការណ៍បង្ហាញនូវអរិភាពដែលបន្តកើតឡើងលើតំបន់ភ្នំនៅភាគខាងជើងនៃខេត្តឡាតាគា។ ទីនោះជាកន្លែងដែលកម្លាំងរដ្ឋាភិបាលកំពុងវាយលុកទៅលើទីតាំងដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធកាបានី ដែលមានសមាជិកមកពីអង្គការភេរវករចាបាតអាល នុស្រា(Jabhat al-Nusra) និងគណបក្សអ៊ីស្លាមទួរគីស្ថានបង្កើតឡើងដោយ Uyghur (ប្រជាជនទួរគីចាកចេញពីតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គួរនៅភាគពាយព្យប្រទេសចិន)។ យោងតាមប្រភពសារព័ត៌មាន Al-Masdar ផ្សាយថា ប្រតិបត្តិការលើដីដឹកនាំដោយទ័ពអាកាសស៊ីរ៉ីលើទីតាំងរបស់សត្រូវនៅលើផ្លូវទៅកាន់ច្រកភ្នំយុទ្ធសាស្រ្តជីស៊ីអាល់សួហ្គួរស្ថិតនៅតាមបណ្តោយផ្លូវពីខេត្តឡាតាគាទៅក្រុងអាឡិបប៉ូ។ ជាលទ្ធផល ផ្លូវរូងក្រោមដីចំនួនពីរឬបីខ្សែរដែលក្រុមសកម្មប្រយុទ្ធប្រើប្រាស់ត្រូវគេបំផ្លាញដោយប្រើកាំភ្លើងបាញ់កំទេច។ គេបង្កើតតំបន់សុវត្ថិភាពចំនួន ៤នៅក្នុងប្រទេសស៊ីរីស្របតាមកិច្ចព្រមព្រៀងខែឧសភា ឆ្នាំ២០១៧ ដែលសម្រេចដោយប្រទេសរុស្ស៊ី ប្រទេសអ៊ីរ៉ង់ និងប្រទេសទួរគីនៅទីក្រុងអាស្តាណា( Astana ឥឡូវប្តូរឈ្មោះទៅ Nur-Sultan) ក្នុងប្រទេស កាហ្សាក់ស្ថាន។ តំបន់សុវត្ថិភាពទាំងនោះបង្កើតឡើងនៅក្នុងប្រទេសស៊ីរ៉ីនៅខែឧសភា ឆ្នាំ២០១៧។ នៅឆ្នាំ២០១៨ ទីក្រុងដាម៉ាសដណ្តើមយកទឹកដីចំនួន ៣ក្នុងចំណោមតំបន់ទាំងនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ តំបន់ទី៤ ស្ថិតនៅក្នុងខេត្តអ៊ីដលីបក៏ដូចជានៅផ្នែកខ្លះនៃខេត្តឡាតាគា ហាម៉ា និងអាឡិបប៉ូ។ រដ្ឋាភិបាលស៊ីរីនៅតែមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងលើតំបន់ទាំងនោះ ខណៈក្រុមភេរវករចាផាត អាល់ នូសារ៉ាកាន់កាប់ភាគច្រើនលើតំបន់ទាំងនោះ៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩