ប្រធានាធិបតីនៃប្រទេសបូលីវីលោក Evo Morales មានប្រសាសន៍ថា លោកនឹងមិនចូលរួមការបោះឆ្នោតប្រធានាធិបតីបន្ទាប់ទេ ប្រសិនបើប្រជាជនពិតជាប្រឆាំងនឹងគាត់មែន។ គាត់ក៏បង្ហាញផងដែរថា សហរដ្ឋអាមេរិកផ្តល់ឱ្យគាត់នូវជំនួយក្នុងការភៀសខ្លួនចេញពីប្រទេសបូលីវី។
លោក Morales ដែលបានលាលែងពីតំណែងក្រោមសម្ពាធពីមន្រ្តីយោធាជាន់ខ្ពស់បន្ទាប់ពីការតវ៉ាប្រឆាំងជាច្រើនសប្តាហ៍និយាយថាលោកមិនខ្វល់ទេ ប្រសិនបើការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវធ្វើឡើងដោយគ្មានរូបលោកនៅលើសន្លឹកឆ្នោតនោះ។ លោក Morales ប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា “ដើម្បីជាប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យ ប្រសិនបើពួកគេមិនចង់អោយខ្ញុំចូលរួមទេ ខ្ញុំគ្មានបញ្ហាអ្វីទេបើមិនចូលរួមក្នុងការបោះឆ្នោតថ្មីទេ” ។
“ខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអ្វីបានជាមានការភ័យខ្លាចខ្លាំងម្ល៉េះចំពោះលោក Evo?” ទោះយ៉ាងណា អ្នកឆ្វេងនិយមជើងចាស់រូបនេះនិយាយថាគាត់មិនស្គាល់មនុស្សម្នាក់ផ្សេងទៀតដែលអាចតំណាងឱ្យកងកម្លាំងឆ្វេងនិយមនៅក្នុងការស្ទង់មតិប្រធានាធិបតីដែលមានសក្តានុពលនោះ។
សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងលោកស្រី Jeanine Anez ដែលប្រកាសខ្លួនជាប្រធានាធិបតីបណ្តោះអាសន្ននៅសប្តាហ៍នេះនិយាយថាលោកស្រីចង់កែលម្អទំនាក់ទំនងជាមួយគណបក្សភាគច្រើននៃចលនារបស់លោក Morales ដើម្បីសង្គមនិយម (MAS) ប៉ុន្តែមិនស្វាគមន៍លោកក្នុងនាមជាបេក្ខជនប្រធានាធិបតីម្តងទៀតនោះទេ។
លោក Morales ដែលត្រូវចោទប្រកាន់ពីបទឆបោកការបោះឆ្នោតដោយក្រុមប្រឆាំងនោះដែលមិនសប្បាយចិត្តទេចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលានេះ ត្រូវបង្ខំឱ្យជ្រកកោននយោបាយនៅប្រទេសម៉ិកស៊ិកូ។ គាត់និយាយថា គាត់គ្រាន់តែចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គាត់វិញភ្លាមៗនៅពេលដែលការលាលែងរបស់គាត់ត្រូវបានអនុម័តដោយអង្គនីតិបញ្ញត្តិនោះ។
វាមិនមែនជារឿងងាយស្រួលសម្រាប់គាត់ទេ ដូចដែលលោកស្រី Anez ប្រាប់អ្នកកាសែតថាទោះបីជាលោក Morales មានសេរីភាពក្នុងការវិលត្រឡប់ក៏ដោយ ក៏គាត់នៅតែប្រឈមនឹងការសាកសួរជុំវិញការលួចបន្លំសន្លឹកឆ្នោតដែលត្រូវចោទប្រកាន់បន្ថែមលើការចោទប្រកាន់ជាច្រើនអំពីអំពើពុករលួយផងដែរ។
ក្នុងពេលដំណាលគ្នានោះ អ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីដែលត្រូវបណ្តេញចេញនេះនាំគ្នាដើរក្បួនគាំទ្រគាត់ និងប្រឆាំងនឹងមេដឹកនាំ “បណ្តោះអាសន្ន” លោកស្រី Anez – នៅឡាប៉ាសផងដែរ។ បាតុកម្មនេះបញ្ចប់ជាថ្មីម្តងទៀតនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមបាតុករ និងប៉ូលិសដែលមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩