ក្រុមបាតុករជាច្រើននៅហុងកុងធ្វើការវាយប្រហារពលរដ្ឋសាមញ្ញដែលបានព្យាយាមរំដោះផ្លូវពីរបាំងនានាចំពេលមានការប៉ះទង្គិចគ្នាជាថ្មីជាមួយប៉ូលិសនោះ។ការប្រយុទ្ធគ្នាតាមដងផ្លូវដ៏សាហាវមួយផ្ទុះឡើងនៅខាងក្រៅសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង (Hong Kong Polytechnic University (PolyU))កាលពីថ្ងៃអាទិត្យខណៈក្រុមអ្នកតវ៉ាគប់ដុំឥដ្ឋទៅលើប៉ូលិសដែលឆ្លើយតបមកវិញជាមួយនឹងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់ទឹកនោះ។
ក្រុមមន្រ្តីព្យាយាមដករបាំងដែលត្រូវបង្កើតឡើងដោយក្រុមបាតុករកាលពីដើមសប្តាហ៍នេះ ហើយជំរុញឱ្យពួកគេឈប់ពង្រាយម្ចុលដែកនៅតាមដងផ្លូវជាច្រើននេះដោយសង្ឃឹមថាម្ចុលដែកទាំងនេះអាចចាក់ទម្លុះកង់រថយន្តរបស់ប៉ូលិស។ ពលបាលម្នាក់ជាមន្រ្តីការិយាល័យប្រព័ន្ធផ្សព្វផ្សាយប៉ូលិសត្រូវបាញ់របួសចំជើងដោយព្រួញអំឡុងពេលកំពុងប្រឈមមុខនេះ។ កន្លងមកក្រុមអ្នកតវ៉ាត្រូវគេថតថាមានប្រើប្រាស់នូវធ្នូ និងព្រួញប្រឆាំងនឹងការអនុវត្តន៍ច្បាប់នេះ។
មុននេះក្រុមអ្នកតវ៉ាក៏វាយប្រហារទៅលើក្រុមពលរដ្ឋមួយក្រុមដែលកំពុងរុះរើផ្លូវដែលបានបិទ និងរើសកម្ទេចកម្ទីនៅខាងក្រៅបរិវេណសាកលវិទ្យាល័យ PolyU នេះ។ បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសក្បាលដោយសារលទ្ធផលនៃការវាយប្រហារនេះ។
ការវាយលុកស្រដៀងគ្នានេះក៏កើតឡើងនៅក្បែរសាកលវិទ្យាល័យហុងកុង University of Hong Kong (HKU)និងសាកលវិទ្យាល័យទីក្រុងហុងកុង City University of Hong Kong (CityU) ដែលជាកន្លែងក្រុមអ្នកតវ៉ាពាក់អាវកាក់ និងម៉ាស់ធ្វើបាតុកម្មដោយគប់ដុំឥដ្ឋ និងគ្រាប់បែកសាំងដាក់អ្នកស្ម័គ្រចិត្តដែលកំពុងរុះរើរនាំងបណ្តោះអាសន្ននេះផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩









