អគ្គិភ័យដ៏សន្ធឹកសន្ធាប់ឆាបឆេះនៅបរិវេណសកលវិទ្យាល័យពហុបច្ចេកទេសហុងកុងជាកន្លែងដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដុតសាំងលើប៉ូលីសកុបកម្ម និងពួកគេអំពាវនាវឲ្យពិភពលោកប្រជាធិបតេយ្យជួយសង្គ្រោះពួកគេ។ ទីធ្លាសាលាក្លាយជាសមរភូមិរវាងក្រុមអ្នកគ្រវែងដុំថ្ម ហើយប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក។ យោងតាមប្រភពឃ្លីបចេញពីកន្លែងកើតហេតុនៅព្រឹកថ្ងៃច័ន្ទបង្ហាញពីអណ្តាតភ្លើងឆេះឡើងក្បែរជណ្តើរទៅកាន់អាគារ។
ក្រុមបាតុកររាប់រយនាក់ពួននៅខាងក្នុងអាគារ និងដុតភ្លើងនៅរបងដោយមានផែនការ ឬដោយសារការគ្រប់គ្រងធុងសាំងមិនត្រឹមត្រូវ នៅពេលការវាយឆ្មក់របស់ប៉ូលីសហាក់ដូចជាឈានជិតមកដល់។ ទោះយ៉ាងណា ក្រោយពីបិទបរិវេណសាលាដើម្បីការពារតំបន់នោះ និងមានការចាប់ឃុំខ្លួនអ្នកតវ៉ាមួយចំនួន ហើយអាជ្ញាធរទំនងជាមិនបានវាយលុកចូលក្នុងអគារ។ អាជ្ញាធរហុងកុងព្រមានថា លើកលែងតែក្រុមបាតុករឈប់ប្រើអាវុធដ៍សាហាវដូចជាស្រាក្រឡុក Molotov បើមិនចឹងទេប៉ូលីសបង្ខំចិត្តតបត។ ការផ្ទុះនេះកើតឡើងបន្ទាប់ពីមានការប្រឈមមុខគ្នារយៈពេល ២ថ្ងៃក្នុងអំឡុងពេលដែលក្រុមអ្នកតវ៉ាគប់គ្រាប់បែកសាំង គ្រាប់ថ្ម និងលំពែងហើយថែមទាំងមានការបាញ់ព្រួញទៅលើប៉ូលីសទៀតផង។ នៅចុងសប្តាហ៍ ក្រុមអ្នកតវ៉ាវាយប្រហារក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមដែលព្យាយាមជួយដល់អាជ្ញាធរក្នុងការឈូសឆាយបិទផ្លូវ និងកំទេចកំទីនៅខាងក្រៅ PolyU ។ ជាលទ្ធផលបុរស និងស្ត្រីម្នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដោយពួកគេរងរបួសក្បាល។ បរិវេណសាលាពហុបច្ចេកទេសក្លាយជាកុបកម្មថ្មីមួយនៅក្នុងទីក្រុងហុងកុងដែលចាប់ផ្តើមមានការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នមួយនៅក្នុងខែមីនា។ ទោះបីច្បាប់នេះត្រូវគេលុបចោលក៏ដោយក៏ការតវ៉ានៅតែបន្តកើតមានជាមួយក្រុមហិង្សាក្នុងចំណោមក្រុមអ្នកតវ៉ាដែលបំផ្លាញទ្រព្យសម្បត្តិ និងវាយប្រហារទៅលើប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាល៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩









