ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាប្រមុខការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនេះទទូចដល់រដ្ឋាភិបាលនានាដែលរងផលប៉ះពាល់ដោយការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងអោយ“ ប្រកាន់ជំហរជាសាធារណៈ” និងអះអាងនូវសិទ្ធិអធិបតេយ្យភាពរបស់ពួកគេ។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper លើកឡើងពីការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិននៅក្នុងដែនទឹកដែលមានជម្លោះនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីជួបជាមួយសមភាគីហ្វីលីពីនរបស់លោកគឺលោក Delfin Lorenzana នៅទីក្រុងម៉ានីលដែលជាដំណើរចុងក្រោយរបស់លោកក្នុងដំណើរទស្សនកិច្ចនៅអាស៊ី។ ការធ្វើសកម្មភាពរួមគ្នាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្ញើសារដើម្បីធ្វើអោយប្រទេសចិនដើរលើផ្លូវត្រូវ។
នៅក្នុងកិច្ចប្រជុំការពារជាតិអាស៊ីមួយដែលគាត់ចូលរួមនៅក្នុងប្រទេសថៃនោះ លោក Esper និយាយថាអ្នកចូលរួមភាគច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទាមទារហួសហេតុរបស់ប្រទេសចិន និងការខ្វះការអនុវត្តតាមច្បាប់អន្តរជាតិ។ កិច្ចប្រជុំនេះដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សមាជិកបួននាក់នៃប្លុកទាំង ១០ ប្រទេសនេះគឺមានជម្លោះខ្លាំងនៅក្នុងការបែងចែកទឹកដីរួមជាមួយប្រទេសចិន និងតៃវ៉ាន់។
នៅទីក្រុងបាងកក លោក Esper ជួបសមភាគីចិនរបស់លោកគឺលោកឧត្តមសេនីយ៍ Wei Fenghe កាលពីថ្ងៃចន្ទនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិចិនប្រាប់អ្នកសារព័ត៌មានថាជម្លោះសមុទ្រចិនខាងត្បូងស្ថិតក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវពិភាក្សាដោយមន្ត្រីទាំងពីរនេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩