ក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ាក់និយាយថាក្រុមបាតុករយ៉ាងហោយណាស់២៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាថ្មីកាលពីយប់ជិតភ្លឺនៅកណ្តាលរដ្ឋធានីបាដាដ។ ក្រុមមន្រ្តីបាននិយាយថាការប៉ះទង្គិចគ្នាបានកើតឡើងនៅចន្លោះម៉ោង៤ និង៥នាទីព្រឹកនៅថ្ងៃពុធនៅជិតស្ពានAhrar នៅកណ្តាលរដ្ឋធានី។ កងកំលាំងសន្តិសុខអ៊ីរ៉ាក់បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញក្រុមបាតុករពីការឆ្ពោះទៅមុខនៃតំបន់បៃតងដែលជាបន្ទាយរបស់រដ្ឋាភិបាល ប៉ុន្តែការប៉ះទង្គិចគ្នាជាថ្មីនេះពុំមានអ្នកស្លាប់នោះឡើយ។ ក្រុមអ្នកតវ៉ាបានកាន់កាប់ផ្នែកម្ខាងនៃស្ពានដោយកម្លាំងសន្តិសុខបានដាក់ពង្រាយនៅម្ខាងទៀត។ គួរបញ្ជាក់ថាយ៉ាងហោចណាស់ក្រុមបាតុករចំនួន៣២០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់រងរបួសចាប់តាំងពីភាពចលាចលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលានៅពេលដែលក្រុមបាតុកររាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវដោយពួកគេមានការខឹងសម្បារអំពីអំពើពុករលួយរបស់រដ្ឋាភិបាល និងសេវាកម្មមូលដ្ឋានអន់ បើទោះបីជាប្រទេសនេះគឺជាប្រទេសដែលសំបូរទៅដោយធនធានប្រេងដ៏ច្រើនសម្បើមក៏ដោយ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩