ព័ត៌មានពីប្រភពសន្តិសុខមួយផ្សាយនៅថ្ងៃច័ន្ទថា ប្រទេសទួរគីកំពុងគោរពយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកទាក់ទងនឹងការដកកម្លាំង យោធាពីភាគឥសានប្រទេសស៊ីរី ហើយប្រទេសទួរគីនឹងមិនបន្តវាយលុកទៀតទេ។ ទីក្រុងអង់ការ៉ាឈានដល់ដំណាក់កាលចុះកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយទីក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោននៅខែមុនស្តីពីការដកកម្លាំង YPG ឃឺដចេញពីទឹកដីភាគឥសានប្រទេសស៊ីរីជាប់ព្រំដែនប្រទេសទួរគី។ ដើម្បីជាថ្នូរ ប្រទេសទួរគីបញ្ឈប់ការវាយលុកប្រើកម្លាំងយោធារបស់ខ្លួនប្រឆាំងនឹងកងជីវពល។ ទោះយ៉ាងណា ទីក្រុងអង់ការ៉ាធ្លាប់ធ្វើការគម្រាមកំហែងបើកប្រតិបត្តិការថ្មី ប្រសិនបើពុំមានការគោរពតាមកិច្ចព្រមព្រៀង។ ប្រភពដដែលបន្ថែមថា ប្រទេសទួរគីធ្លាប់ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុម YPG នៅក្នុងតំបន់ជាកិច្ចការពារខ្លួន៕
ប្រភពព័ត៌មានRT ផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩