ប៉ូលិសនៅក្នុងប្រទេសហូឡង់ចាប់ខ្លួនបុរសពីរនាក់ដែលត្រូវគេសង្ស័យថាមានផែនការអនុវត្តការវាយប្រហារភេរវកម្ម“ នៅមុនដំណាច់ឆ្នាំនេះ” បន្ទាប់ពីទទួលជំនួយពីភ្នាក់ងារស៊ើបការណ៍ដែលជំរុញឱ្យមានការស៊ើបអង្កេតទៅលើរឿងនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ក្រុមរដ្ឋអាជ្ញានិយាយថាបុរសទាំង ២ នាក់មកពីតំបន់ Zoetermeer អាយុ ២០ និង ៣៤ ឆ្នាំចង់ប្រើអាវកាក់គ្រាប់បែក និងគ្រាប់បែកក្នុងរថយន្តក្នុងការវាយប្រហារនេះ។ វាមិនច្បាស់ថាគោលដៅដែលបានគ្រោងទុកនោះទេ នេះបើតាមការពញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយហូឡង់។
អង្គភាពប៉ូលិសជាតិចាប់ផ្តើមការស៊ើបអង្កេតព្រហ្មទណ្ឌមួយនៅដើមខែតុលានេះ បន្ទាប់ពីមានការព្រមានពីអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ និងសន្តិសុខ (AIVD) និយាយថាបុរសទាំងនេះកំពុងរៀបចំផែនការវាយប្រហារជីហាដ។ គ្មានអាវុធ ឬរំសេវណាមួយត្រូវគេរកឃើញអំឡុងការចាប់ខ្លួនកាលពីថ្ងៃច័ន្ទនោះទេ ប៉ុន្តែទូរស័ព្ទចល័តមួយដែលមានស៊ីមកាតច្រើន ពូថៅ និងដាវមួយចំនួនត្រូវរកឃើញលាក់នៅក្នុងចន្លោះខាងលើពិដាននៅក្នុងផ្ទះរបស់បុរសនេះ។ ភស្តុតាងនៃផែនការនេះត្រូវរកឃើញដោយប៉ូលិស។ បុរសម្នាក់ក្នុងចំនោមបុរសទាំងនោះត្រូវគេចាប់ខ្លួននៅតាមផ្លូវក្នុងទីក្រុង The Hague ឯម្នាក់ទៀតត្រូវឃុំឃាំងនៅផ្ទះ Zoetermeer ដែលជាផ្នែកមួយនៃ“ សកម្មភាពប៉ូលិសខ្នាតធំដែលគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន” នោះ។
សេវាកម្មអយ្យការសាធារណៈហូឡង់ (Dutch Public Prosecution Service )និយាយថា ការស៊ើបអង្កេតបង្ហាញថា ឱកាសនៃការវាយប្រហារនៅក្នុងប្រទេសនៅតែមាន។ បុរសទាំងនោះនឹងត្រូវនាំខ្លួនទៅកាន់តុលាការនៅតំបន់ Rotterdam នៅថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសហូឡង់ក៏គេចផុតពីការវាយប្រហារភេរវកម្មដ៏ធំមួយកាលពីឆ្នាំមុនបន្ទាប់ពីក្រុមភេរវករដែលមានកម្លាំង ៧ នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយខែ និងការខិតខំប្រឹងប្រែងរបស់ប៉ូលិសទៅលើរឿងនេះ។ បុរសទាំងនេះគ្រោងកំណត់គោលដៅវាយប្រហារនៅក្នុងពិធីបុណ្យមួយដោយកាំភ្លើង និងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តថែមទៀត៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩