ទីក្រុងប៉េកាំងកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Terry Branstad នៅថ្ងៃព្រហស្បតិ៍នេះដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនជាបន្ទាន់បន្ទាប់ពីលោកដូណាល់ត្រាំចុះហត្ថលេខាលើច្បាប់ថ្មីដែលគាំទ្រដល់ក្រុមបាតុករនៅទីក្រុងហុងកុងនេះ។
ក្រសួងការបរទេសនិយាយថាប្រទេសចិនចាត់ទុកច្បាប់នេះថាជាការជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ លោកត្រាំចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្សហុងកុងចូលជាច្បាប់កាលពីថ្ងៃពុធនេះ បន្ទាប់ពីច្បាប់នេះទទួលបានការគាំទ្រជាឯកច្ឆន្ទនៅក្នុងសភាទាំងពីរ។
ច្បាប់នេះនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម ឬថែមទាំងព្យួរស្ថានភាពពាណិជ្ជកម្មពិសេសរបស់ហុងកុងជុំវិញការរំលោភសិទ្ធិមនុស្សដែលត្រូវចោទប្រកាន់ដោយប្រទេសចិន។ ក្រុមអ្នកតវ៉ាហុងកុងត្រូវបានគេរំពឹងថានឹងធ្វើបាតុកម្មគាំទ្រអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះដើម្បីអរគុណលោកត្រាំដែលចុះហត្ថលេខាលើច្បាប់នេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩