នាយករដ្ឋមន្រ្តីលោកឡេអូ វ៉ារ៉ាដកា មានប្រសាសន៍នៅថ្ងៃសៅរ៍ថាប្រទេសអៀរឡង់រំពឹងថា នឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋអៀរឡង់ម្នាក់ដែលបូជាខ្លួនចំពោះរដ្ឋអ៊ីស្លាម និងកូនស្រីអាយុ២ឆ្នាំរបស់នាងចេញពីប្រទេសទួរគីនៅចុងសប្តាហ៍នេះ។ ប្រទេសទួរគីនិយាយថា ពួកគេចាប់ខ្លួនសកម្មប្រយុទ្ធបានចំនួន ២៨៧នាក់នៅភាគឥសានប្រទេសស៊ីរី ដោយទីនោះជាកន្លែងដែលកងទ័ពទួរគីធ្វើការវាយលុកប្រឆាំងនឹងកងជីវពល YPG ឃឺដនៅខែមុន និងមានជនសង្ស័យជាសមាជិកជីហាដចំនួនរាប់រយនាក់ទៀតកំពុងជាប់ឃុំ។ ទួរគីចាប់ផ្តើមនិរទេសពលរដ្ឋបរទេសដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមនៅដើមខែនេះ ហើយប្រទេសអៀរឡង់បញ្ជាក់ភ្លាមៗថា លោកស្រីលីហ្សាស្មីត និងកូនស្រីរបស់នាងគឺជាពលរដ្ឋអៀរឡង់ត្រូវទីក្រុងអង់ការ៉ានិរទេស។ ទីក្រុងដាបលី និយាយអស់ជាច្រើនខែមកហើយថា ពួកគេមានទំនួលខុសត្រូវក្នុងការនាំលោកស្រីស្មីត
ត្រឡប់ទៅប្រទេសអៀរឡង់វិញក្រោយពីនាងចូលជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរីហើយការព្រួយបារម្ភចម្បងរបស់នាងគឺការធ្វើមាតុភូមិនិវត្តន៍កូនស្រីរបស់នាងដោយសុវត្ថិភាព។ លោកស្រីស្មីតធ្លាប់និយាយនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយថា នាងមានបំណងចង់វិលត្រឡប់ទៅផ្ទះវិញ។ លោកស្រីវ៉ារ៉ាដកាធ្លាប់មានប្រសាសន៍ថាត្រូវមានការវាយតម្លៃសន្តិសុខមួយដើម្បីធានាថា លោកស្រីស្មីតមិនក្លាយជាការគំរាមកំហែងដល់អាយុជីវិត និងជនគួរឱ្យខ្លាចនៅក្នុងប្រទេសអៀរឡង់។ ប្រទេសទួរគីចោទប្រកាន់
សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនថាធ្វើការយឺតយ៉ាវក្នុងការបញ្ឈប់ពលរដ្ឋរបស់ពួកគេដែលធ្វើដំណើរទៅកាន់មជ្ឈឹមបូព៌ាដើម្បីចូលរួមជាមួយរដ្ឋអ៊ីស្លាម។ទន្ទឹមនឹងនេះបណ្តាប្រទេសអ៊ឺរ៉ុបកំពុងព្យាយាមពន្លឿនផែនការដើម្បីផ្លាស់ទីសមាជិកក្រុមជីហាដចំនួនរាប់ពាន់នាក់ចេញពីពន្ធនាគារស៊ីរី និងប្តូរចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។ រហូតមកដល់ពេលនេះ ប្រទេសទួរគីធ្វើមាតុភូមិនិវត្តន៍ជនជាតិអាឡឺម៉ង់ចំនួន ១០នាក់ ដោយក្នុងនោះមានពលរដ្ឋអាមេរិកម្នាក់និងអ្នកប្រយុទ្ធអង់គ្លេស ម្នាក់។ គេដកស្រង់ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស៊ូឡឺម៉ែន ស៊ូលូនៅថ្ងៃព្រហស្បតិ៍ថា អ្នកជាប់ឃុំចំនួន ១១នាក់មកពីប្រទេសបារាំងនឹងត្រូវធ្វើមាតុភូមិនិវត្តន៍នៅដើមខែធ្នូ៕