នាយករដ្ឋមន្រ្តីនូវែលសេឡង់លោក Jacinda Ardern បញ្ជាក់ថាអ្នកទេសចរមកពីអូស្ត្រាលី អាមេរិក អង់គ្លេស ចិន និងម៉ាឡេស៊ីស្ថិតក្នុងចំណោមអ្នកដែលរងគ្រោះដោយសារការផ្ទុះភ្នំភ្លើងដ៏សាហាវនៅលើកោះសដែលបានឆក់យកជីវិតមនុស្សចំនួន ៥ នាក់។
លោក Ardern ប្រាប់អ្នកយកព័ត៌មាននៅ Whakatane ដែលជាក្រុងមួយនៅក្បែរកោះនោះថាវាមានចំនួនប្រជាជនញូវហ្សេឡែនមួយចំនួនក្នុងចំណោមអ្នកដែលបាត់ខ្លួនដែលជាផ្នែកនៃប្រតិបត្តិការទេសចរណ៍។ នាយករដ្ឋមន្រ្តីនិយាយថាមនុស្សមួយចំនួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបញ្ជាក់រួចហើយថាមានមនុស្ស ៥ នាក់បានបាត់បង់ជីវិត ខណៈមនុស្ស ៣១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីរងរបួសនៅពេលដែលភ្នំភ្លើងផ្ទុះនោះបណ្តាលឱ្យមានផ្សែងនិងផេះក្រាស់នៅលើកោះដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនេះ។អាជ្ញាធរនិយាយថាពួកគេមិនរំពឹងថានឹងរកឃើញអ្នកនៅរស់រានមានជីវិតនៅលើកោះនេះទេបន្ទាប់ពីការហោះហើរឈ្លបយកការណ៍ពីលើអាកាសមិនបង្ហាញពីអ្នកមានជីវិតឡើយ។
លោក Ardern បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាអ្នកបើកឧទ្ធម្ភាគចក្រធ្វើការស្ទង់ទាំងលើអាកាសហើយក៏ធ្វើដំណើរជុំវិញកោះនេះផងដែរមុនពេលរាយការណ៍ត្រឡប់មកវិញថាគ្មានសញ្ញាជីវិតនៅទីនោះទេបន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះ។ កាកបាទក្រហមនូវែលសេឡង់បង្កើតគេហទំព័រមួយដែលគ្រួសារអាចចុះបញ្ជីសាច់ញាតិដែលបាត់ខ្លួន។ ទំព័រនេះរាប់បញ្ចូលទាំងប្រជាជនមកពីប្រទេសឥណ្ឌា អូស្ត្រាលី កាណាដា បារាំងនិងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩