ទាហាន ៦នាក់រងរបួសក្រោយពីរ៉ុក្កែតវាយប្រហារមូលដ្ឋានយោធាអ៊ីរ៉ាក់និងអាមេរិក

0

មូលដ្ឋានរបស់កងទ័ពនៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដរងការវាយប្រហារពីគ្រាប់រ៉ុក្កែតជាច្រើននៅថ្ងៃចន្ទ ស្របពេលមានការកើនឡើងនៃការវាយប្រហារស្រដៀងគ្នាទៅនឹងទីតាំងដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ កងទ័ពអ៊ីរ៉ាក់និយាយថា មានអ្នកប្រយុទ្ធចំនួន ៦នាក់រងរបួស ដោយក្នុងនោះមនុស្សចំនួន ២នាក់រងរបួសធ្ងន់ក្រោយពីគ្រាប់រ៉ុក្កែតចំនួន ៤គ្រាប់ធ្លាក់នៅមូលដ្ឋាន។ ប្រភពសន្តិសុខប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា អ្នករងរបួសជាសមាជិករបស់អង្គភាពប្រឆាំងភេរវកម្មវរជនដែលទទួលបានការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិក។ កងទ័ពរកឃើញឧបករណ៍បាញ់រ៉ុក្កែតជាច្រើននៅក្នុងតំបន់នោះដោយក្នុងនោះមានទាំងគ្រាប់មីស៊ីលជាច្រើនដែលមិនទាន់បានបាញ់។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។អាកាសយានដ្ឋាននេះមានទីតាំងនៅជាប់មជ្ឈមណ្ឌលជំនួយការទូតបាកដាដ ដែលត្រូវបានប្រើប្រាស់ដោយអ្នកការទូត និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏ដូចជាកងកម្លាំងចម្រុះប្រឆាំងភេរវករដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ យ៉ាងហោចណាស់មានការវាយប្រហារចំនួន ៩ប្រឆាំងនឹងទីតាំងសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលប្រាំមួយសប្តាហ៍។ គេសន្មតថា មានការហោះហើរជាច្រើនឆ្លងកាត់អាកាសយានដ្ឋានត្រូវបង្វែរទៅតំបន់ភាគឥសាន្តនៃរដ្ឋធានីអ៊ីរ៉ាក់ដោយសារតែមានរបាយការណ៍ពីគ្រាប់រ៉ុក្កែត។

ឧប្បត្តិហេតុនេះកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ាក់ស្ថិតក្នុងរលកនៃការតវ៉ាពីក្រុមបាតុករដែលចោទប្រកាន់រដ្ឋាភិបាលថា បានប្រព្រឹត្តអំពើពុករលួយ និងទាមទារឱ្យពួកគេចាកចេញពីតួនាទីរបស់ពួកគេ។ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អាដែល អាប់ដុល ម៉ាឌីនៅរយៈពេលមួយសប្តាហ៍មុនមិនបានធ្វើឱ្យក្រុមបាតុកររង្គោះរង្គើរទេ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៥២នាក់ដែលភាគច្រើនអ្នកតវ៉ាស្លាប់ និងមានមនុស្សជាង ២ម៉ឺននាក់ផ្សេងទៀតរងរបួសចាប់តាំងពីសកម្មភាពតវ៉ានៅខែតុលា។ នៅថ្ងៃសុក្រ អ្នកបួសជនជាតិអ៊ីស្លាមនិកាយស៊ីអ៊ីតរបស់អ៊ីរ៉ាក់អំពាវនាវឱ្យមេដឹកនាំនយោបាយជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដោយគ្មានការជ្រៀតជ្រែកពីបរទេស៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here