មន្ត្រីរបស់លោកមូនប្រាប់ឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក
មូនជេអ៊ីននឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រទេសជប៉ុនខណៈពេលមានភាពតានតឹងជុំវិញកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរដែលជាប់គាំងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ លោកមូនគ្រោងនឹងទៅដល់ប្រទេសចិននៅថ្ងៃទី២៣ ខែធ្នូ ថ្ងៃមុនកិច្ចប្រជុំត្រីភាគីដែលគ្រោងទុកនៅភាគនិរតីទីក្រុងឆេងឌូជាមួយនាយករដ្ឋមន្ត្រីចិនលោកលីកេឈាង និងនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេ។ ភ្នាក់ងារសារព័ត៌រាយការណ៍ថា មេដឹកនាំទាំងអស់នឹងពិនិត្យមើលឡើងវិញលើស្ថានភាពនាពេលថ្មីៗនេះនៅលើឧបទ្វីប និងធ្វើកិច្ចពិភាក្សាពីវិធីជំរុញកិច្ចសហប្រតិបត្តិការបីផ្លូវដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពជារៀងរហូត។ គេក៏រំពឹងផងដែរថា លោកមូននឹងជួបពិភាក្សាដាច់ដោយឡែកជាមួយលោកអាបេ និងប្រធានាធិបតីចិនលោកស៊ីជិនពីងផងដែរ។កិច្ចប្រជុំនេះកើតឡើងចំពេលមានសង្រ្គាមពាក្យសម្តីថ្មីរវាងប្រទេសកូរ៉េខាងជើង និងអាមេរិកមុនដល់កាលបរិច្ឆេទកំណត់ចុងឆ្នាំ ដែលក្រុងព្យុងយ៉ាងដាក់កំណត់លើក្រុងវ៉ាស៊ីនតោនក្នុងការបន្ទន់ជំហររបស់ខ្លួនលើកិច្ចចរចា៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩