ជនសង្ស័យក្នុងការបាញ់ប្រហារនៅថ្ងៃអង្គារក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យអូស្ត្រាវ៉ានៅសាធារណរដ្ឋឆែកធ្វើអត្តឃាតខ្លួនឯង។ ប៉ូលិសបញ្ជាក់ឱ្យដឹងថាគាត់បាញ់សម្លាប់មនុស្សចំនួន ៦នាក់នៅក្នុងមន្ទីពេទ្យ។ ប៉ូលិសរកឃើញសាកសពរបស់ជនល្មើស ដែលមានអាយុ៤២ឆ្នាំ បាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែង។ មុននោះពួកគេបញ្ចេញរូបថតពីរសន្លឹករបស់ជនសង្ស័យ។ រូបថតមួយសន្លឹកមានលក្ខណៈជាឯកសារហើយមួយសន្លឹកទៀតថតចេញពីខ្សែស៊ីស៊ីធីវី
ខណៈដែលជនសង្ស័យកំពុងដើរចុះពីសាលមន្ទីពេទ្យ។ ប៉ូលិសមិនបានបញ្ចេញឈ្មោះបុរសនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយឆែកកំណត់អត្តសញ្ញាណជនសង្ស័យជាស៊ីធីរ៉ាវី និងពណ៌នាថាគាត់ជាកម្មករសំណង់។ ថៅកែរបស់បុរសនោះស្គាល់លោកស៊ីធីរ៉ាវីពីរូបថតរបស់ប៉ូលិស និងប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យធ្លាប់អះអាងថាគាត់ធ្លាក់ខ្លួនឈឺហើយថែមទាំងត្អូញត្អែរថា ពុំមាននរណាម្នាក់ចង់ព្យាបាលគាត់ទេ។ ការបាញ់ប្រហារកើតឡើងនៅក្នុងបន្ទប់មន្ទីរពេទ្យនៅម៉ោងប្រហែល ៧ព្រឹកម៉ោងក្នុងស្រុក។ មនុស្សចំនួន ៤នាក់ស្លាប់នៅនឹងកន្លែងចំណែកឯមនុស្សចំនួន ២នាក់ទៀតស្លាប់ដោយសាររបួស។ មនុស្សចំនួន ៣នាក់ផ្សេងទៀតរងរបួសនៅក្នុងបន្ទប់រង់ចាំ។ គេរាយការណ៍ថា អ្នកវាយប្រហារបាញ់សម្លាប់ជនរងគ្រោះពីចម្ងាយដោយកំណត់គោលដៅទៅលើក្បាល និងក។ លោកនាយករដ្ឋមន្រ្តី អានដ្រិច ប៉ាប៊ីស(Andrej Babis)លុបចោលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអេស្តូនីហើយធ្វើដំណើរទៅកាន់ពេទ្យអូស្ត្រាវ៉ា។ លោកចាត់ទុកថា ការបាញ់ប្រហារនេះជាសោកនាដកម្ម ហើយលោកថែមទាំងបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ ការវាយប្រហារនៅមន្ទីរពេទ្យ ជាការបាញ់ប្រហារដ៏សាហាវបំផុតលើកទី២ នៅក្នុងសាធារណរដ្ឋឆែក។ នៅឆ្នាំ២០១៥ ខ្មាន់កាំភ្លើងម្នាក់សម្លាប់មនុស្សចំនួន ៨ នាក់នៅឯភោជនីយដ្ឋានមួយក្នុងទីក្រុង Uhersky Brod មុនពេលសម្លាប់ខ្លួនឯង៕
ប្រភពព័តមានRT ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩