ប្រជាជនប៉ាឡេស្ទីនកាត់បន្ថយការតវ៉ានៅតាមព្រំដែនអ៊ីស្រាអែល

0

ក្រុមប៉ាឡេស្ទីននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានឹងកាត់បន្ថយការតវ៉ានៅតាមបណ្តោយព្រំដែន ដែលធ្លាប់ប៉ះទង្គិចខ្លាំងជាមួយអ៊ីស្រាអែល។ គេមើលឃើញថា សេចក្តីថ្លែងការណ៍ទាំងនោះជាសញ្ញាបន្ថយគម្លាតរវាងអ៊ីស្រាអែល និងមេដឹកនាំអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សាតាមព្រំដែន។ អស់រយៈពេលជិត ២០ខែមកហើយដែលប្រជាជនប៉ាឡេស្ទីនធ្វើបាតុកម្មប្រចាំសប្តាហ៍មានឈ្មោះថា “ការត្រឡប់មកវិញដ៏អស្ចារ្យ” ។ បាតុកម្មទាំងនោះប្រែក្លាយជាអំពើហឹង្សានៅពេលដែលប្រជាជនគប់ដុំថ្ម និងគប់ភ្លើងទៅលើកងទ័ពអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលធ្វើការឆ្លើយតបដោយប្រើកាំភ្លើងបាញ់តបផ្ទាល់។ភ្នាក់ងារព័ត៌មានរាយការណ៍ថា មន្ត្រីពេទ្យនៅហ្គាហ្សាបញ្ជាក់ឱ្យដឹងថា​ ប្រជាជនប៉ាឡេស្ទីនចំនួន ២១៤នាក់ស្លាប់ចាប់តាំងពីផ្តើមមានការតវ៉ានៅថ្ងៃសុក្រ ខែមីនា ឆ្នាំ២០១៨។ ការតវ៉ាចាប់ផ្តើមអន់ថយជាបន្ដបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្រុមអ្នកវិភាគ​ចាត់ទុកការធ្លាក់ចុះនេះថា ជាកិច្ចប្រឹងប្រែងការទូតរបស់ប្រទេសអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់ការរីករាលដាលជម្លោះកាន់តែធំរវាងប្រទែសអ៊ីស្រាអែល និងក្រុមហាម៉ាស។ ក្រុមអ្នកតវ៉ាអំពាវនាវមិនឱ្យអ៊ីស្រាអែល និងអេហ្ស៊ីបពង្រាយកម្លាំងសន្តិសុខនៅតំបន់ហ្គាហ្សា និងសុំឱ្យប្រជាជនប៉ាឡេស្ទីនមានសិទ្ធិវិលត្រឡប់មកដីគោកវិញ ដោយក្រុមគ្រួសាររបស់ពួកគេធ្លាប់ភៀសខ្លួន ឬត្រូវបានបង្ខំឱ្យភៀសខ្លួនក្នុងអំឡុងការត្រួតត្រារបស់អ៊ីស្រាអែលនៅឆ្នាំ១៩៤៨ ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩

 

LEAVE A REPLY

Please enter your comment!
Please enter your name here