រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកម៉ៃ ប៉ុមប៉ូ ផ្អាកការធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ក្រោយពីក្រុមអ្នកតវ៉ាសម្រុកចូលស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ។ ក្នុងដំណើរនោះ លោក ប៉ុមប៉ូ នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌីម៉េយ ហ្សេឡិនស្គីនៅថ្ងៃសុក្រក្នុងទីក្រុងគៀវនៅថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែន ប្រទេសបេឡារុស្ស ប្រទេសកាហ្សាក់ស្ថានអ៊ូសបេគីស្ថាន និងប្រទេសស៊ីប។ កិច្ចប្រជុំនេះនឹងក្លាយជាដំណើរទស្សនកិច្ចដ៏ខ្ពស់បំផុតរបស់មន្រ្តីអាមេរិក ចាប់តាំងពីសភាតំណាងរាស្រ្តចោទប្រកាន់លោកដូណាល់ត្រាំពីបទដាក់សម្ពាធលើលោកហ្សេសិនស្គីក្នុងការស៊ើបអង្កេតលើជំនួញរបស់លោកចូបេដ។
ភ្នាក់ងារព័ត៌មានដកស្រង់សម្តីពីក្រសួងការបរទេសថា លោកប៉ុម ប៉ូពន្យារពេលធ្វើដំណើរនៅថ្ងៃពុធ។ ដំណឹងនេះកើតមានឡើងនៅពេលក្រុមអ្នកតវ៉ាបែកខ្ញែកគ្នាចេញពីស្ថានទូតអា
មេរិកនៅទីក្រុងបាកដាដក្នុងប្រទេសអ៊ីរ៉ាក់។ ហ្វូងមនុស្សជាច្រើនឡោមព័ទ្ធស្ថានទូតចាប់តាំងពីថ្ងៃអង្គារដោយពួកគេខឹងចំពោះការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើកងជីវពលខាថេប ហេប៉ូឡា(Kataib Hezbollah) ដោយក្រុមនោះជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។
ភ្លើងឆាបឆេះនៅខាងក្នុងបរិវេណស្ថានទូត ក្រុមអ្នកតវ៉ាគប់ដុំថ្ម ហើយពួកគេស្រែកថា “ ស្លាប់ទៅអាមេរិក” រហូតដល់ប្រធានាធិបតីដូណាល់ត្រាំបញ្ជូនកងទ័ពម៉ារីនអាមេរិកដើម្បីធានាសុវត្ថិភាពដល់ទីតាំងនោះនៅយប់ថ្ងៃអង្គារ ហើយមេដឹកនាំបាតុករបញ្ជាអ្នកគាំទ្ររបស់ពួកគេដកខ្លួនចេញពីតំបន់ស្ថានទូត។
ទោះបីជាក្រុមអ្នកតវ៉ាបែកខ្ញែកចេញពីគ្នា ប្រតិបត្តិការកុងស៊ុលរបស់ស្ថានទូតទាំងអស់ត្រូវផ្អាករហូតដល់មានការជូនដំណឹងបន្ថែម។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនស្តីបន្ទោសលើអ៊ីរ៉ង់ចំពោះការញុះញង់ឱ្យមានការតវ៉ា និងបញ្ជាឱ្យកងជីវពលខាថេប ហេប៉ូឡាវាយប្រហារលើគោលដៅសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុងតេអេរ៉ានដិសេធមិនធ្វើការទទួលខុសត្រូវអ្វីទាំងអស់៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១ ខែមករា ឆ្នាំ២០១៩