មនុស្សចំនួន៨នាក់ត្រូវគេសម្លាប់ក្នុងខេត្តអ៊ីដលីប

0

សាក្សី និងអ្នកស្រុកនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ស្លាប់នៅថ្ងៃពុធ​​​ពេលដែលកងទ័ពស៊ីរីបាញ់មីស៊ីលវាយប្រហារលើទីជម្រករបស់ប្រជាជនដែលផ្លាស់ប្តូរទីលំនៅនៅភាគពាយព្យនៃប្រទេស។ ពេទ្យចំនួនពីរនាក់និយាយថា មានកុមារចំនួន ៥នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍វាយប្រហារលើសាលារៀននៅទីប្រជុំជនសាម៉ីនក្នុងខេត្តអ៊ីដលីប។ ប្រជាជនប្រើប្រាស់អគារសិក្សានោះដើម្បីលាក់ខ្លួនពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅក្នុងខេត្តអ៊ីដលីប ដែលជាមូលដ្ឋានរងការវាយប្រហារចុងក្រោយនៅភាគពាយព្យ។ សាម៉ីនជាតំបន់ស្ថិតនៅក្នុងចំណោមទីក្រុង និងភូមិដែលរងការវាយប្រហារពីយន្តហោះរុស្ស៊ី និងកាំភ្លើងធំស៊ីរី ចាប់តាំងពីមានការវាយលុកជាថ្មីពីរដ្ឋាភិបាលនៅខែមុន ទោះបីជាធ្លាប់មានកិច្ចព្រមព្រៀងមួយធ្វើឡើងនៅខែកញ្ញាជាមួយមេដឹកនាំទួរគី រុស្ស៊ី និងអ៊ីរ៉ង់ដើម្បីបន្ធូរបន្ថយភាពតានតឹងក៏ដោយ។ នៅសប្តាហ៍មុន អង្គការសហប្រជាជាតិនិយាយថា ជនស៊ីវិលចំនួន ២៣៥,០០០នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងរយៈពេល២សប្តាហ៍នៅចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែធ្នូ។ យុទ្ធនាការដឹកនាំដោយរុស្ស៊ីចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៩ បង្ខំឲ្យប្រជាជនយ៉ាងតិចចំនួន ៥០០.០០០នាក់ចាកចេញទៅតំបន់នៅជិតព្រំដែនជាមួយប្រទេសទួរគី ដែលទីនោះជាកន្លែងដែលយន្តហោះរុស្ស៊ីកម្រនឹងវាយប្រហារ។​ សេវាកម្មជួយសង្គ្រោះ និងសាក្សីនិយាយថា យុទ្ធនាការទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលចំនួនរាប់ពាន់នាក់ធ្វើឱ្យទីក្រុងជាច្រើនរងការបំផ្លាញ និងបំផ្លាញមណ្ឌលសុខភាពចំនួនរាប់សិបកន្លែង។ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំមានប្រសាសន៍នៅសប្តាហ៍មុន ប្រឆាំងនឹងការសម្លាប់រង្គាលនៅក្នុងខេត្តអ៊ីដលីប។ ទីក្រុងមូស្គូ និងក្រុងដាម៉ាស បដិសេធចំពោះការអះអាងថាពួកគេទម្លាក់គ្រាប់បែកដោយមិនរើសអើងលើជនស៊ីវិលដោយនិយាយថា ពួកគេកំពុងប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធជីហាដ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទីReuters ផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here