ប្រភពព័ត៌មានពីបណ្តាប្រទេសលោកខាងលិចបង្ហើបឱ្យដឹងថា ទាហានស៊ីឈ្នួលចំនួនរាប់ពាន់នាក់របស់ទួរគីនៅក្នុងប្រទេសស៊ីរីធ្វើដំណើរទៅដល់ប្រទេសលីប៊ីដើម្បីចូលរួមក្នុងការប្រយុទ្ធនៅទីនោះ។ ពួកគេទៅដល់នៅរយៈពេលពីរ ឬបីថ្ងៃ ក្រោយពីមានព័ត៌មានផ្សាយថា លោកអឺដូហ្គានដឹកជញ្ជូនក្រុមទាហានស៊ីឈ្នួលជាច្រើននាក់ ដែលកំពុងឈរជើងនៅខេត្តអ៊ីដលីប និងភាគខាងជើងនៃប្រទេសស៊ីរីទៅកាន់ប្រទេសលីប៊ី។ វិទ្យុបារាំងរាយការណ៍ថា ព័ត៌មានស្តីពីការដឹកជញ្ជូនទាហានស៊ីឈ្នួលពីប្រទេសស៊ីរីទៅប្រទេសលីប៊ីផ្សព្វផ្សាយម្តងទៀតក្រោយពីមានវីដេអូឃ្លីបបង្ហាញថា ពួកគេនៅក្នុងរដ្ឋធានីទ្រីប៉ូលី។ វិទ្យុបារាំងដកស្រង់ប្រភពព័ត៌មានមួយនៅក្នុងអាកាសយានដ្ឋានលីប៊ីលីប៊ីថា ទាហានស៊ីឈ្នួលរបស់ទួរគីមួយចំនួនចាកចេញពីប្រទេសស៊ីរ៉ីទៅដល់ប្រទេសលីប៊ីតាមរយៈជើងហោះហើរដែលមិនបានចុះបញ្ជី។ សេចក្តីថ្លែងការណ៍នោះបន្ថែមទៀតថា នៅចន្លោះថ្ងៃសុក្រ និងថ្ងៃអាទិត្យនេះ យន្តហោះចំនួន ៤គ្រឿងដឹកទាហានស៊ីឈ្នួលរបស់ទួរគីចេញពីប្រទេសស៊ីរ៉ីមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមីទីហ្គា(Mitiga)។ នៅថ្ងៃទី២៩ ខែធ្នូ ភ្នាក់ងារសារព័ត៌មានអាមេរិក Bloomberg លើកឡើងថា មន្រ្តីម្នាក់របស់ទួរគី និងម្នាក់ទៀតមកពីក្រុមរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិនៅលីប៊ីបង្ហាញថាទាហានស៊ីឈ្នួលរបស់អឺដូហ្គានជាច្រើននាក់នៅក្នុងប្រទេសស៊ីរីនឹងត្រូវដឹកទៅកាន់ប្រទេសលីប៊ី។ នៅរយៈពេលប៉ុន្មានថ្ងៃមុន ប្រភពព័ត៌មានក្នុងស្រុកប្រាប់អ្នកយកព័ត៌មានថា ទាហានស៊ីឈ្នួលរបស់ទួរគីដែលពង្រាយនៅតាមទីប្រជុំជនហាសាកា និងរ៉ាចា អះអាងថាមានទាហានស៊ីឈ្នួលជាច្រើននាក់រត់គេចខ្លួនដោយពួកគេខ្លាចលោកអឺដូហ្គាននឹងបញ្ជូនពួកគេទៅប្រយុទ្ធនៅប្រទេសលីប៊ី នៅក្នុងសេណារីយ៉ូស្រដៀងគ្នានឹងការដឹកជញ្ជូនភេរវករ និងទាហានស៊ីឈ្នួលចំនួនរាប់ពាន់នាក់ទៅកាន់ប្រទេសស៊ីរីឆ្លងកាត់ព្រំដែនដើម្បីវាយប្រហារលើរដ្ឋស៊ីរី៕
ប្រភពព័ត៌មានសាណាផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០២០