នៅយប់ថ្ងៃព្រហស្បតិ៍ ក្រុមបាតុករស្លៀកពាក់ខ្មៅដង្ហែរក្បួននៅក្នុងទីក្រុងតេរ៉ាន និងទីក្រុងដទៃទៀត ដោយនោះជាការចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់មេដឹកនាំកងកម្លាំងពិសេស(Quds Force )អ៊ីរ៉ង់ឧត្តមសេនីយ៍ទោលោកហ្គាហ្សេម សូឡៃម៉ានី(Qassem Soleimani)។ លោក សូឡៃម៉ានី និងមន្រ្តីផ្សេងទៀតស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋ អាមេរិកនៅរដ្ឋធានីអ៊ីរ៉ាក់។
ក្រុមអ្នកតវ៉ាពាក់អាវខ្មៅភាគច្រើនស្រែកពាក្យស្លោកប្រឆាំងនឹងអាមេរិកដូចជា“តតាំងជាមួយអាមេរិក” និងប្រកាសថា លោកសូឡៃម៉ានីជាវីរបុរសជាតិ។ មនុស្សជាច្រើនយំអោបរូបថតរបស់លោកមេបញ្ជាការ និងលើកបដាថា “កម្លាំងទ័ពស្រឡាញ់អ្នក”។ ក្រៅពីនេះ មានមនុស្សមួយចំនួនទៀតសរសេរពាក្យ“សងសឹក” នៅលើបដារបស់ពួកគេ ដែលជាការសន្យាសងសឹកចំពោះអ្នកដែលទទួលខុសត្រូវក្នុងការស្លាប់របស់សូឡៃម៉ានី។ រដ្ឋាភិបាលប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃនៅទូទាំងប្រទេសអ៊ីរ៉ង់។
មនុស្សជាច្រើនប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោកសូឡៃម៉ានីនៅកណ្តាលទីក្រុងកឺម៉ាន(Kerman) ជាកន្លែងដែលលោកឧត្តមសេនីយ៍ចំណាយពេលយុវវ័យរបស់គាត់នៅទីនោះ និងធ្វើការមុនពេលលោកចូលរួមជាមួយក្រុមបដិវត្តអ៊ីស្លាម(IRGC)។
គួរលឹកផងដែរថា លោកសូឡៃម៉ានី និងលោកអាប៊ូដ ម៉ាឌី អាល ម៊ូហ៊ានឌី និងមន្ត្រីចំនួន៨នាក់ផ្សេងទៀតស្លាប់ក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាននៃទីក្រុងបាដាដ៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩