នៅថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវដល់ពលរដ្ឋអាមេរិកទាំងអស់ឱ្យចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ ក្រោយពីមានការសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក កាហ្សេម សូឡៃម៉ានី(Qassem Soleimani) ជាមួយនឹងមេដឹកនាំជាន់ខ្ពស់នៃកងជីវពល Shia អ៊ីរ៉ាក់ក្នុងការវាយប្រហារតាមអាកាសមួយនៅក្បែរអាកាសយានដ្ឋានអន្តរជាតិបាដាដនៅព្រឹកថ្ងៃសុក្រ។ មន្ទីរបញ្ចកោណអះអាងថា ការវាយប្រហារនេះមានគោលបំណងរារាំងផែនការវាយប្រហាររបស់អ៊ីរ៉ង់នាពេលអនាគត។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកម៉ៃ ប៉ុមប៉ូ( Mike Pompeo)មានប្រសាសន៍ថាទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាចិត្តក្នុងការចូលរួមធ្វើកិច្ចព្រមព្រៀងចំពោះសកម្មភាពសម្លាប់លោកកាហ្សេម សូ ឡៃម៉ានី(Qassem Soleimani)។ លោកប៉ុមប៉ូថែមទាំងបានជជែកគ្នាជាមួយអ្នកការទូត លោកយ៉ាង ចិចឈី(Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោកហេគកូ ម៉ាស់(Heiko Maas) អំពីការសម្លាប់នេះ។
យ៉ាងណាមិញ ក្រុមមន្រ្តីអ៊ីរ៉ង់ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការសងសឹកសហរដ្ឋអាមេរិកចំពោះការស្លាប់របស់សូឡៃម៉ានី ដោយមេដឹកនាំកំពូលលោកអាលីខាមេនីព្រមានថា “ការសងសឹករង់ចាំឧក្រិដ្ឋជនដែលសម្លាប់លោកមេបញ្ជាការ” ។
ឧប្បត្តិហេតុនេះបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ក្រោយពីមានសកម្មភាពឡោមព័ទ្ធស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដបានកើតឡើងនៅដើមសប្តាហ៍នេះ។ ក្រុមអ្នកតវ៉ា ឡោមព័ទ្ធទីតាំងតំបន់បៃតង(Green Zone) ក្រោយពីមានការវាយឆ្មក់តាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើកងជីវពល Shia អ៊ីរ៉ាក់ ខណៈដែលក្រុងវ៉ាស៊ីនតោនស្តីបន្ទោសចំពោះអ៊ីរ៉ង់លើការវាយប្រហារក្នុងស្ថានទូត៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩